(លីទុយអានី)៖ ប្រធានាធិបតីលីទុយអានីលោក ដាលៀ គ្រីបូសកេត (Dalia Grybauskaite) នាដើមសប្តាហ៍នេះបានអញ្ជើញចុះបំពេញទស្សនកិច្ច និងសាទរចំពោះសមយុទ្ធយោធាទ្រង់ទ្រាយធំ Baltops 18 ដែលផ្តោតទៅលើការហ្វឹកហាត់ នៅលើដែនសមុទ្រ ហើយលោកបានលើកឡើងថា វាគឺជាការស្តែងឲ្យឃើញចំពោះ មាត្រា៥របស់អង្គការ NATO ដែលចែងថា ការវាយប្រហារលើសម្ព័ន្ធមិត្តមួយ គឺជាការវាយប្រហារប្រឆាំងនឹងសម្ព័ន្ធមិត្តទាំងអស់នោះ ពិតជាមានប្រសិទ្ធភាព ហើយគោលការណ៍ការពារជារួមពិតជាអាចទៅរួច។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៥ ខែមិថុនា ឆ្នាំ២០១៨។
លោកប្រធានាធិបតីលីទុយអានី បានគូសបញ្ជាក់ថា សមយុទ្ធយោធាដែនសមុទ្រនេះ គឺជាសមយុទ្ធធំបំផុតមួយនៅក្នុងតំបន់ ដែលមានការចូលរួមពីនាវាទ័ពជើងទឹក ៥០គ្រឿង, យន្តហោះ ៦០គ្រឿង និងកងទ័ពសរុប ៥,០០០នាក់ មកពី២២ប្រទេស។ ជាមួយគ្នានេះ នាឱកាសនៃការចុះទស្សនកិច្ចនេះ លោក Grybauskaite ក៏បានពិភាក្សាអំពីការពង្រឹងវិស័យការពារជាតិនៅក្នុងតំបន់ ជាមួយមេបញ្ជាការទ័ពជើងទឹកអាមេរិក ប្រចាំនៅអឺរ៉ុបផងដែរ។
គួរជម្រាបថា សមយុទ្ធ Baltops 18 ត្រូវបានប្រារព្ធឡើងស្របទៅជាមួយសមយុទ្ធ Thunder Storm 2018 ដែលជាសមយុទ្ធយោធាធំបំផុតរបស់លីទុយអានី និងមានការចូលរួមពីកងទ័ព ៩,០០០នាក់ ព្រមទាំងសមយុទ្ធ Saber Strike 2018 ជាសមយុទ្ធយោធាអន្តរជាតិ ដែលមានការចូលរួមពីកងទ័ពចំនួន ១៨,០០០នាក់ ពីប្រទេសចំនួន ១៩ ដែលមានពលទាហានហ្វឹកហាត់នៅប្រទេសលីទុយអានី និងប្រទេសជិតខាងមួយចំនួនទៀតរួមមាន ឡាតវី (Latvia), អេស្តូនី, និងប៉ូឡូញ។
នាប៉ុន្មានឆ្នាំចុងក្រោយនេះ លីទុយអានី ដែលជារដ្ឋតូចមួយនៅតំបន់សមុទ្របាល់ទិច ជាមួយប្រជាជនមិនដល់ ០៣លាននាក់ផងនោះ ព្រមទាំងប្រទេសជាសមាជិករបស់ NATO ដែលស្ថិតនៅអឺរ៉ុបខាងកើត បានបង្កើនការធ្វើលំហាត់យោធារបស់ខ្លួន, ដំឡើងការចំណាយលើវិស័យយោធា, និងបានស្នើឲ្យមានការបង្កើនវត្តមានរបស់កងទ័ព នៃប្រទេសជាសម្ព័ន្ធមិត្តថែមទៀតផង ក្រោមហេតុផលការពារភាពតានតឹង ផ្នែកសន្តិសុខនៅអឺរ៉ុបខាងកើត៕