(ប៊ែរឡាំង)៖ អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែឡា មឺគែល បាននិយាយថា លោកស្រីយល់ស្របជាមួយនឹងនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដែលបានលើកឡើងថា សកម្មភាពរបស់អ៊ីរ៉ង់នៅក្នុងតំបន់មជ្ឈិមបូព៌ា គឺជាក្ដីព្រួយបារម្ភមួយ ជាពិសេសចំពោះអ៊ីស្រាអែល។ ប៉ុន្តែមេដឹកនាំទាំងពីរ នៅតែមានការខ្វែងគំនិតគ្នា ជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែមិថុនា ឆ្នាំ២០១៨។
លោកស្រី មឺគែល ធ្វើការកត់សម្គាល់បែបនេះ នាឱកាធ្វើសន្និសីទសារព័ត៌មានរួមគ្នា ក្នុងទីក្រុងប៊ែរឡំាង នៅពីថ្ងៃចន្ទសប្ដាហ៍នេះជាមួយ លោក ណឺតាន់យ៉ាហ៊ូ ដែលកំពុងធ្វើយុទ្ធនាការបញ្ចុះបញ្ចូល អឺរ៉ុបឱ្យចូលរួមកែប្រែលក្ខខណ្ឌឡើងវិញ នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីឆ្នាំ២០១៥ និងបង្ខំឱ្យកងកម្លាំងអ៊ីរ៉ង់ចេញពីទឹកដីស៊ីរី។ លោកស្រី មឺគែល បានលើកឡើងយ៉ាងដូច្នេះថា «មុនមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ទីក្រុងតេហេរ៉ង់បានឈានជិតដល់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ... ដូច្នេះមានកិច្ចព្រមព្រៀងនេះ តម្លាភាពនឹងមានកាន់តែច្រើន»។
បន្ថែមពីលើនេះ បើតាមលោកស្រីអធិការបតីអាល្លឺម៉ង់ ទីក្រុងប៊ែរឡាំងសន្យាថា នឹងបន្តគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដើម្បីរារាំងទីក្រុងតេហេរ៉ង់ផលិតអាវុធនុយក្លេអ៊ែរ បើទោះជាសហរដ្ឋអាមេរិក ប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះក៏ដោយ។ តែយ៉ាងណាក៏ដោយ លោក ណឺតាន់យ៉ាហ៊ូ អះអាងថា កិច្ចព្រមព្រៀងនេះនឹងផ្ដល់លទ្ធភាពដល់អ៊ីរ៉ង់ ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម គ្មានព្រំដែនកាន់តែច្រើននៅពេលអនាគត។
គួរជម្រាបថា ក្រោយបញ្ចប់ជំនួបជាមួយលោកស្រី មឺគែល លោក ណឺតាន់យ៉ាហ៊ូ ត្រូវបានគេរំពឹងថា នឹងបន្តជួបពិភាក្សាជាមួយប្រធានាធិបតីបារាំង លោក ម៉ាក្រុង និងនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី ថេរ៉េសា ម៉ាយ (Theresa May) សំដៅពិភាក្សាពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងការបង្កើនឥទ្ធិពលរបស់អ៊ីរ៉ង់នៅមជ្ឈិមបូព៌ា៕
\