(ហ្គាតេម៉ាឡា)៖ រដ្ឋាភិបាល​ហ្គាតេម៉ាឡា បានសម្រេច​ចិត្តបញ្ជូនកងទ័ព​ ឱ្យទៅជួយក្រុមភ្នាក់ងារ​ពន្លត់អគ្គីភ័យ ក្នុងការស្វែងអ្នក​ដែលកំពុងបាត់ខ្លួន បន្ទាប់ភ្នំភ្លើងដ៏កំណាចមួយ​បានផ្ទុះកាលពី​ថ្ងៃអាទិត្យ ដោយ​បានបញ្ចេញកម្អែរភ្លើង ធូលី-ផេះ និងដុំថ្មធំៗ បំផ្លិចបំផ្លាញភូមិមួយចំនួន​នៅក្បែរ​ភ្នំភ្លើងនោះ។ នេះបើតាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នៅ​ព្រឹកថ្ងៃអង្គារ ទី០៥ ខែមិថុនា ឆ្នាំ២០១៨។

ជាមួយគ្នា​នោះ​ដែរ បើតាមក្រុមមន្ត្រីហ្គាតេម៉ាឡា​ជាច្រើននាក់​បានអះអាង​ថា ចំនួនអ្នក​ស្លាប់​ដោយសារតែ​ការបំផ្លិចបំផ្លាញ​ បង្កឡើង​ដោយភ្នំភ្លើង ហ្វឺហ្គោ (Fuego) បានកើន​ឡើងដល់ ៦៥នាក់ហើយ ខណៈមនុស្ស​រាប់ពាន់នាក់​ផ្សេងទៀត កំពុងស្នាក់​នៅក្នុងជំរក​បណ្ដោះ​អាសន្ន។ ដោយឡែក​កាលពី​ថ្ងៃចន្ទ ក្រុមអាជ្ញាធរក៏បាន​បញ្ជាក់ដែរថា ​មនុស្សប្រមាណ ១.៧លាននាក់ បាននិងកំពុងទទួលរង​ផលប៉ះពាល់ ដោយសារគ្រោះ​​ធម្មជាតិខាង​លើនេះ និងជាង ៣,០០០នាក់ ត្រូវបាន​ជម្លៀស​ខ្លួនចេញ​ទៅកាន់​​ទី​សុវត្ថិភាព។

គួរជម្រាបថា ភ្នំភ្លើង​​ហ្វឺហ្គោ (Fuego) ដែលមានទីតាំងស្ថិត​នៅចម្ងាយ ៥០គីឡូម៉ែត្រ ភាគខាងលិច​រដ្ឋធានី​ហ្គាតេម៉ាឡាស៊ីធី បានផ្ទុះ ហើយ​​​បានជះកម្អែរផេះ​ឡើងលើ​ផ្ទៃអាកាស​កម្ពស់ជាង ១១គីឡូម៉ែត្រឯណោះ។ អាជ្ញាធរអះអាងថា ប្រហែលជាអាច​មាន​មនុស្ស​ស្លាប់​ច្រើនបន្ថែម​ទៀត ក៏ព្រោះតែភូមិ​​មួយនៅក្បែរ​ភ្នំ​ភ្លើងនោះ ត្រូវបានកម្អែរក្តៅ​​គគុក​​ហូរមកស្រោច​​ពី​លើតែម្តង ដែលវា​ពិតជា​​​ហេតុការណ៍​ដ៏គួរឲ្យរន្ធត់ និង​​សង្វេគ​បំផុត កម្រកើតមាន​ខ្លាំងណាស់លើ​​ផែនដី៕