(អាមេរិក)៖ យានរុករក ខៀរីយ៉ូស៊ីធី (Curiosity) របស់ទីភ្នាក់ងារអវកាស NASA ត្រូវគេរាយការណ៍ថា បានរកឃើញអ្វីយ៉ាងដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែន នៅលើភពអង្គារ (Mars) ហើយ NASA នឹងលាតត្រដាងឲ្យសាធារណជនបានដឹង ពីរបកគំហើញនេះនៅថ្ងៃព្រហស្បតិ៍ (ពេលវេលានៅវ៉ាស៊ីនតោន)។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយ Space.com នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែមិថុនា ឆ្នាំ២០១៨។
ជុំវិញរឿងនេះអង្គការ NASA បានបញ្ចេញឲ្យដឹងតែព័ត៌មានតិចតួចប៉ុណ្ណោះ អំពីអ្វីដែលនឹងត្រូវប្រកាសនាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប៉ុន្តែការពិភាក្សាដោយផ្សាយផ្ទាល់នៅប៉ុន្មានថ្ងៃខាងមុខនេះ នឹងមានរួមបញ្ចូលនូវលទ្ធផលស្រាវជ្រាវថ្មីផ្នែកវិទ្យាសាស្រ្ត ពីយានរុករក Curiosity របស់ NASA។
យាន Mars Rover Curiosity បាននិងកំពុងធ្វើការស្រាវជ្រាវរុករកនៅលើភពក្រហមនេះ ចាប់តាំងតែពីពេលវាបានចុះចតនៅទីនោះកាលពីខែសីហា ឆ្នាំ២០១២មកម្ល៉េះ ហើយរបបគំហើញសំខាន់ៗមួយចំនួនហើយ ត្រូវបានយានដែលមានទំហំប៉ុនកូនឡានមួយគ្រឿងនេះ សម្រេចបានដែលជាប្រយោជន៍ធំធេងសម្រាប់ការស្រាវជ្រាវបន្ត នៅលើភពអង្គារ។
គួរបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០១៥ អង្គការ NASA បានចេញសេចក្តីប្រកាសដ៏ធំមួយ ដែលនាំឲ្យកក្រើកពិភពវិទ្យាសាស្ត្រ នោះគឺការរកឃើញវត្តមានទឹករាវ ហូរនៅលើផ្ទៃភពព្រះអង្គារក្នុងចំនួនតិចតួច ហើយវាពិតជាសញ្ញាមួយដ៏ប្រសើរថ្លៃថ្លា ក្នុងការអនុញ្ញាតឲ្យក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ បន្តប្រើយានតាមដានអំពីលក្ខណៈបន្ថែមនៃភពអង្គារ ដែលកាលពីរាប់រយរាប់ពាន់លានឆ្នាំមុន អាចធ្លាប់មានជីវិតរស់នៅ ឬក៏បរិយាកាសស្រដៀងនឹងភពផែនដីនេះ៕