(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងប្រទេស​ចំនួន ០៦ ជាសមាជិក​ដ៏មានឥទ្ធិពល​ នៃអង្គការប្រមូលផ្តុំរដ្ឋក្នុង​ទ្វីបអាមេរិក (Organization of American States) បានជម្រុញឱ្យ​អង្គការមួយនេះ​ ទាត់ចោលលទ្ធផល​បោះឆ្នោតរបស់​វេណស៊ុយអេឡា ក៏ដូចជា​ចាប់ផ្ដើមនីតិវិធីដក​ទីក្រុង​ការ៉ាកាស់ ចេញពីស្ថាប័ន​មួយនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​បារំាង AFP នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែមិថុនា ឆ្នាំ២០១៨។

ការស្នើឡើង​នេះ ធ្វើឡើងនាឱកាស​នៃការបើកកិច្ចប្រជុំ​លើកទី៤៨ នៃអង្គការ​រដ្ឋក្នុងទ្វីប​អាមេរិក​​ ដោយ​សហរដ្ឋអាមេរិក និងប្រទេស ០៦ផ្សេងទៀត​ដូចជា អាហ្សង់ទីន ប្រេស៊ីល កាណាដា ឈីលី មិចស៊ីកូ និងប៉េរូ បានស្នើឱ្យ​មានដំណោះស្រាយ​មួយទាត់​ចោលលទ្ធផលបោះឆ្នោត​កាលពីខែមុន ដែលត្រូវបានប្រទេសទាំងនេះចោទថា បានប្រព្រឹត្តទៅផ្ទុយពីរដ្ឋធម្មនុញ្ញ​របស់​វេណស៊ុយអេឡា​ កាលពី​ខែឧសភា។

គួរបញ្ជាក់ថា សំណើរបស់​ប្រទេសទាំង ០៧ រួមគ្នាខាងលើនេះ​ត្រូវបានគេ​រំពឹងថា អាចនឹងត្រូវបានបោះឆ្នោត​អនុម័តនៅល្ងាច​ថ្ងៃចន្ទ ឬថ្ងៃអង្គារ​នេះ (ម៉ោងនៅ​ក្នុងតំបន់)។ ម្យ៉ាងវិញ​ទៀត បើសិនជា​សំណើ​នេះត្រូវបាន​អនុម័តមែន នោះ​វេណេសុយអេឡា អាចនឹង​ប្រឈមមុខ បាត់បង់សមាជិកភាព​ពីអង្គការ​រដ្ឋក្នុងទ្វីប​អាមេរិក បើទោះជា​ទីក្រុង​ការ៉ាកាស់ ធ្លាប់បាន​ប្រកាសពីចេតនា​ចង់ចាកចេញពី​អង្គការមួយ នេះដោយ​ខ្លួនឯង​ក៏ដោយ៕