(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ​ និងមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងត្រូវជួបគ្នា​នៅម៉ោង ០៩៖០០នាទីព្រឹក​ថ្ងៃទី១២ ខែមិថុនា ខាងមុខនេះ​ក្នុងប្រទេស​សិង្ហបុរី។ នេះបើ​តាម​សេតវិមាន​ដកស្រង់​ដោយទីភ្នាក់ងារ​សារព័ត៌មាន​ យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែមិថុនា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងសន្និសីទ​សារព័ត៌មានដ៏​ខ្លីមួយ​ នៅថ្ងៃចន្ទ​សប្ដាហ៍នេះ លោកស្រី សារ៉ាហ៍ សេនដឺស៍ (Sarah Sanders) អ្នកនាំពាក្យសេតវិមាន​បានឱ្យដឹងថា ការរៀបចំ​ទាំងឡាយកំពុង​ត្រូវបញ្ចប់​ ដោយក្រុមអ្នករៀបចំ​នៅក្នុងប្រទេស​សិង្ហបុរី។ មិនតែ​ប៉ុណ្ណោះ លោកស្រី​ក៏បានបញ្ជាក់​ដែរថា ក្រុមប្រតិភូ​ដឹកនាំដោយអគ្គរដ្ឋ​ទូតអាមេរិក លោក ស៊ុង គីម (Sung Kim) បានធ្វើកិច្ចចរចា​ផ្នែកការទូត​ប្រកបដោយ​ភាពវិជ្ជមាន​ ជាមួយ​ក្រុមមន្ត្រី កូរ៉េខាងជើង​នៅឯតំបន់ព្រំដែន​គ្មានយោធា​ នៃប្រទេស​កូរ៉េ​ទាំងពីរ។

តែទោះជា​យ៉ាងនេះ​ក្ដី លោកស្រី Sanders បានអះអាង​ដដែលថា សហរដ្ឋអាមេរិក នឹងមិនបន្ធូរបន្ថយ​ការដាក់សម្ពាធ ឬទណ្ឌកម្មលើ​កូរ៉េខាងជើង​នោះទេ ទាល់តែ​របបដឹកនាំ​លោក គីម ជុងអ៊ុន បោះចោល​អាវុធនុយក្លេអ៊ែរ​ទាំងស្រុងជា​មុនសិន។ «គោល​នយោបាយ របស់យើងនឹង​មិនផ្លាស់ប្ដូរ​ឡើយ... ហើយយើង​នឹងមិនបន្ធូរ​បន្ថយ ឬដាក់ទណ្ឌកម្ម​ទាំងនេះ​នោះទេ រហូតទាល់​តែកូរ៉េខាងជើង​រំសាយ​អាវុធនុយក្លេអ៊ែរ។ នេះជាការគូសបញ្ជាក់របស់​លោកស្រី Sarah Sanders៕