(ហារ៉ារេ)៖ រដ្ឋាភិបាលហ្ស៊ីមបាវ៉េ បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនបានចាត់វិធានការយ៉ាងពេញលេញមួយ ដើម្បីធានាឲ្យមានការបោះឆ្នោតដោយសេរីយុត្តិធម៌ ព្រមទាំងអាចទុកចិត្តបាន នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ខណៈដែលសហរដ្ឋអាមេរិកហាក់ដូចជាកំពុងលូកលាន់កិច្ចការបោះឆ្នោត នៅប្រទេសអាហ្វ្រិកមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅយប់ថ្ងៃចន្ទ ទី០៤ ខែមិថុនា ឆ្នាំ២០១៨។
ការអះអាងថ្មីៗរបស់សមាជិកព្រឹទ្ធសភាអាមេរិកលោក គ្រឹស ខូនស៍ (Chris Coons) បានធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលបាលរបស់ប្រធានាធិបតី អ៊ែមម៉ឺសុន ម៉ាណាងហ្គាកវ៉ា (Emmerson Mnangagwa) គឺកំពុងតែធ្វើការសន្យាខ្យល់ និងធ្វើការពន្យារពេលដោយចេតនា ចំពោះការអនុវត្តន៍កំណែទម្រង់ការបោះឆ្នោតសំខាន់ៗ ក្នុងគោលបំណងធ្វើឲ្យប៉ះពាល់ដល់គណបក្សប្រឆាំង។
កាសែត ហ៊ឺរ៉ាលដ៍ (Herald) ដែលគ្រប់គ្រងដោយរដ្ឋ បានដកស្រង់សម្តីអ្នកនាំពាក្យរបស់លោក ម៉ាណាងហ្គាកវ៉ា គឺលោក ចច ចារ៉ាមបា (George Charamba) ដែលបានថ្លែងថា «ជាបឋម គឺរដ្ឋាភិបាលបានធានាឲ្យមានការបោះឆ្នោតដោយសន្តិវិធីមួយ ដែលជាហេតុនាំឲ្យប្រធានាធិបតីមានភាពមិនច្បាស់លាស់ ក្នុងការអំពាវនាវរកសន្តិភាព ក៏ដូចជាភាពមិនច្បាស់លាស់ក្នុងការសម្រេចចិត្ត ជួបជាមួយគណបក្សប្រឆាំង...»។
លោក ចារ៉ាមបា បានបន្តទៀតថា រដ្ឋាភិបាលហ្ស៊ីមបាវ៉េថ្មី បានចាត់វិធានការដើម្បីធានាឲ្យមានការបោះឆ្នោត ដ៏ពិតប្រាកដមួយ ដែលរួមទាំងមានការអញ្ជើញអ្នកសង្កេតការណ៍អន្តរជាតិ ព្រមទាំងការផ្តល់កម្លាំងយ៉ាងពេញលេញដល់អ្នកបោះឆ្នោត ដើម្បីឲ្យដំណើរការនៃការបោះឆ្នោតនេះទៅដោយរលូន។ លើសពីនេះ លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលហ្ស៊ីមបាវ៉េនឹងមិនជ្រៀតជ្រែកជាមួយនឹងប្រតិបត្តិការរបស់គណៈកម្មការបោះឆ្នោតហ្សីមបាវ៉េ ក្នុងដំណើរការនៃការបោះឆ្នោតនោះឡើយ។
គួរបញ្ជាក់ថា អ្វីដែលមិនច្បាស់លាស់សម្រាប់លោក ខូនស៍ សមាជិកព្រឹទ្ធសភាអាមេរិក នោះប្រហែលជារដ្ឋធម្មនុញ្ញរបស់ហ្ស៊ីមបាវ៉េថ្មីនោះតែម្តង ដែលមានចែងមាត្រាមួយចំនួន ទាក់ទិនទៅនឹងការបោះឆ្នោត ដែលសហរដ្ឋអាមេរិកធ្លាប់បានធ្វើការរិះគន់កន្លងមកថា មិនមានភាពត្រឹមត្រូវ ក្រោយរបបលោក មូកាបេ បានដួលរលំ។ ទោះបីជានៅពេលណា ឬដោយរបៀបណា និងដោយទ្រង់ទ្រាយណាក៏ដោយ គឺច្បាប់សម្រាប់អ្នកបោះឆ្នោតនេះ ត្រូវបានបង្កើតឡើងដោយមិនបានទទួលរងឥទ្ធិពល ពីសំណាក់អ្នកនយោបាយជាតិ ឬអន្ដរជាតិនោះឡើយ។ នេះបើយោងតាមសម្ដីបញ្ជាក់ច្បាស់ៗរបស់លោក ចារ៉ាមបា៕