(តៃប៉ិ)៖ យន្តហោះ​ចម្បាំងស៊េរី F-16 របស់​កោះតៃវ៉ាន់ ដែលបាន​ទិញពីសហរដ្ឋ​អាមេរិក បានធ្លាក់នៅ​ក្នុងតំបន់ភ្នំភាគ​ខាងកើត នៃទីក្រុង​តៃប៉ិថ្មី (New Taipei City) នៅថ្ងៃចន្ទ​នេះតែម្តង ពេលកំពុង​ធ្វើសមយុទ្ធ​យោធា។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន ស៊ីនហួរ នាល្ងាច​ថ្ងៃចន្ទ ទី០៤ ខែមិថុនា ឆ្នាំ២០១៨។

យន្តហោះ F-16 ដែលបានធ្លាក់​ខាងលើនេះ គឺជាប្រភេទ​មានអ្នកបញ្ជា​តែម្នាក់​នៅលើ​នោះ បានបាត់ខ្លួនចេញ​ពីប្រព័ន្ធរ៉ាដា កាលពី​វេលាម៉ោង ១៖៤៣នាទីរសៀលថ្ងៃចន្ទ​នេះតែម្តង ក្រោយពី​ធ្វើការហោះចេញពី​​មូលដ្ឋានទ័ព​អាកាស ទីក្រុង​ហួលៀន (Hualien) ភាគខាងជើង​កោះតៃវ៉ាន់។

គួរបញ្ជាក់ថា បំណែកយន្តហោះ​ត្រូវបានរកឃើញ​ហើយ នៅឡើយ​តែ​អាកាសយានិក​ម្នាក់​ដែលកំពុងស្ថិតក្រោម​ការតាមរក​របស់ក្រុម​សង្គ្រោះ។ មូលហេតុ​នៃ​ការធ្លាក់ ក៏មិនទាន់​មានការបញ្ជាក់​ដែរ៕