(ម៉ូហ្គាឌីស៊ូ)៖ មនុស្សយ៉ាងហោចណាស់ ៤៩នាក់ស្លាប់ និង ៧០នាក់ផ្សេងទៀតបាត់ខ្លួនបន្ទាប់ពីព្យុះស៊ីក្លូនសាហ្គារ (Sagar) បានវាយប្រហារមកលើដែនដីនៃប្រទេសសូម៉ាលីឡេនដ៍ (ភាគខាងជើងប្រទេសសូម៉ាលី ឬតំបន់ស្វយ័ត្រនៃប្រទេសសូម៉ាលី ដែលប្រកាសឯករាជ្យដោយខ្លួនឯង)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃចន្ទ ទី០៤ ខែមិថុនា ឆ្នាំ២០១៨។
ការិយាល័យសម្របសម្រួលកិច្ចការមនុស្ស នៃអង្គការសហប្រជាជាតិ UNOCHA បានបញ្ជាក់ឲ្យដឹងថា ប្រជាជននៅដែនដីសូម៉ាលីឡេនដ៍ ប្រមាណ ១៦៨,០០០នាក់ បាន និងកំពុងទទួលរងផលប៉ះពាល់ដោយផ្ទាល់អំពីព្យុះកំណាច សាហ្គារ ហើយផ្ទៃដីប្រមាណ ២៧៧ហិកតា ត្រូវបានបំផ្លិចបំផ្លាញតែម្តង។
គួរបញ្ជាក់ថា បច្ចុប្បន្ន UNOCHA កំពុងតែធ្វើការជួយសង្គ្រោះ តាមរយៈការផ្តល់ជំនួយស្បៀងអាហារ និងជម្រកបណ្តោះអាសន្ន ទៅដល់ប្រជាជនរាប់ម៉ឺននាក់ នៅតំបន់រងគ្រោះ ខណៈដែលលំនៅឋាន សាលារៀន និងអគារសាធារណៈនានា ត្រូវបានបំផ្លិចបំផ្លាញយ៉ាងដំណំ។ ព្យុះស៊ីក្លូនដ៏សាហាវខាងលើនេះ បានជាប់ជាព្យុះកំណាចខ្លាំងបំផុតមិនធ្លាប់មានរួចទៅហើយ ក្នុងប្រទេសសូម៉ាលី៕