(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងមានគម្រោងថា នឹងព្យាយាមមិនឲ្យមានការផ្សព្វផ្សាយព័ត៌មានជុំវិញ ការធ្វើសមយុទ្ធយោធានាពេលខាងមុខនេះ ជាមួយសហរដ្ឋអាមេរិកឡើយ ទោះបីជាខ្លួននឹងនៅតែបន្តយុទ្ធនាការធ្វើលំហាត់យោធារួមប្រចាំឆ្នាំ តាមកាលកំណត់យ៉ាងណាក្តី។ នេះបើតាមការបញ្ជាក់ពីក្រសួងការពារជាតិកូរ៉េខាងត្បូង ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី០៤ ខែមិថុនា ឆ្នាំ២០១៨។
លោក លី ជីនវូ (Lee Jin-woo) អ្នកនាំពាក្យរង នៃក្រសួងការពារជាតិកូរ៉េខាងត្បូង បានថ្លែងក្នុងសន្និសីទសារព័ត៌មានខ្លីមួយថា សមយុទ្ធយោធារួមប្រចាំឆ្នាំរវាងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន នឹងត្រូវប្រព្រឹត្តទៅតាមគម្រោងដដែល។ ប៉ុន្តែលោក Lee បានគូសបញ្ជាក់យ៉ាងដូច្នេះវិញថា យោធាកូរ៉េខាងត្បូង នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ព្យាយាមយ៉ាងណាឲ្យលំហាត់យោធានាពេលខាងមុខនោះ មានភាពបើកចំហខ្លាំង ឬត្រូវបានផ្សព្វផ្សាយយ៉ាងគគ្រឹកគគ្រេងនោះឡើយ។
គួរជម្រាបថា ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង ត្រូវបានធ្វើឡើង បន្ទាប់ពីប្រមុខការពារជាតិកូរ៉េខាងត្បូង លោក សុង យាំងមូ (Song Young-moo) និងសមភាគីអាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) បានបើកកិច្ចពិភាក្សានៅឯឱកាសចូលរួមកិច្ចប្រជុំសន្តិសុខអាស៊ី នៅប្រទេសសិង្ហបុរី ឬកិច្ចសន្ទនា ហ្សាគ្រីឡា (Shagri-La)។ លោក Song និង លោក Mattis បានព្រមព្រៀងគ្នាធ្វើយ៉ាងណា កុំឲ្យសមយុទ្ធយោធារួមនាពេលអនាគតមានភាពសំញែងខ្លាំងពេក៕