(អឺរ៉ុប)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់អឺរុប នៅក្នុងសប្ដាហ៍នេះ ដើម្បីស្វែងរកការគាំទ្រក្នុងការកែប្រែឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ ព្រមទាំង មធ្យោបាយធ្វើយ៉ាងណាបង្ខំឱ្យកងកម្លាំងអ៊ីរ៉ង់ ដកខ្លួនចេញពីទឹកដីស៊ីរី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ABC News នៅរសៀលថ្ងៃចន្ទ ទី០៤ ខែមិថុនា ឆ្នាំ២០១៨។
យោងតាមការគ្រោងទុក លោក ណឺតាន់យ៉ាហ៊ូ នឹងត្រូវជួបពិភាក្សាការងារជាមួយមេដឹកនាំអាល្លឺម៉ង់ បារាំង និងអង់គ្លេស ដោយ លោកនឹងផ្ដើមជំនួបដំបូងគេជាមួយអធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល នៅថ្ងៃចន្ទនេះ។ ដោយឡែក ថ្លែងទៅកាន់ គណៈរដ្ឋមន្ត្រីរបស់លោកកាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ ក៏បានបញ្ជាក់ចំៗដែរថា សំណុំរឿងអ៊ីរ៉ង់នឹងក្លាយជា របៀបវារៈសំខាន់ក្នុងដំណើរទស្សនកិច្ចនេះ។
«អស់រយៈពេលជាច្រើនឆ្នាំមកហើយ យើងបានប្រយុទ្ធប្រឆាំងនឹងអ៊ីរ៉ង់តែម្នាក់ឯង ហើយខ្ញុំគិតថា ស្ថានភាពបែបនេះនឹងផ្លាស់ប្ដូរទៅរកភាពប្រសើរឡើង»។ នេះបើតាមលោក ណឺតាន់យ៉ាហ៊ូ។
គួររំលឹកថា លោក ណឺតាន់យ៉ាហ៊ូ បានសម្ដែងការគំាទ្រយ៉ាងពេញទំហឹង ចំពោះការសម្រេចចិត្តដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីឆ្នាំ២០១៥ ដោយលោក ដូណាល់ ត្រាំ កាលពីខែឧសភាកន្លងទៅ បើទោះជាមេដឹកនាំអឺរ៉ុបភាគច្រើន ជំទាស់នឹងការសម្រេចចិត្តនេះក៏ដោយ។ មិនតែប៉ុណ្ណោះ លោក ណឺតាន់យ៉ាហ៊ូ ថែមទាំងធ្វើការព្រមាន អមទៅដោយការសន្យាព្រមគ្នាដែរថា អ៊ីស្រាអែល នឹងមិនបណ្ដោលឱ្យអ៊ីរ៉ង់បង្កើតវត្តមានយោធាអចិន្ត្រៃយ៍ នៅលើទឹកដីស៊ីរីជាដាច់ខាត៕