(ហ្គាតេម៉ាឡា)៖ បន្ទុះភ្នំភ្លើងនៅហ្គាតេម៉ាឡា ពិតជាព្រឹត្តិការណ៍ដ៏គួរឲ្យរន្ធត់បំផុតនៅពាក់កណ្តាលឆ្នាំ២០១៨នេះ ក៏ព្រោះតែកម្អែរដ៏ក្តៅគគុក បានហូរចុះពីកំពូលភ្នំភ្លើងក្រោយពីវាបានផ្ទុះ មកស្រោចលើភូមិឋានរបស់ប្រជាជននៅក្បែរនោះ និងសម្លាប់ជីវិតមនុស្សម្នាចំនួន ២៥នាក់ និងជិត ៣០០នាក់រងរបួស។ នេះបើតាមការចេញផ្សាយព័ត៌មានចុងក្រោយបំផុត នៅរសៀលថ្ងៃចន្ទ ទី០៤ ខែមិថុនា ឆ្នាំ២០១៨។
ក្រៅពីនេះមនុស្សប្រមាណ ១.៧លាននាក់ បានទទួលរងផលប៉ះពាល់ ដោយសារគ្រោះធម្មជាតិខាងលើនេះ និងជាង ៣,០០០នាក់ ត្រូវបានជម្លៀសខ្លួនចេញទៅកាន់ទីសុវត្ថិភាព។ បើតាមរដ្ឋាភិបាលហ្គាតេម៉ាឡា ចំនួនមនុស្សស្លាប់អាចនឹងមានការកើនឡើងថែមទៀត ដោយសារតែឧបសគ្គផ្សេងៗ នៅក្នុងកិច្ចប្រឹងប្រែងជួយសង្រ្គោះ។
គួរជម្រាបថា ភ្នំភ្លើងហ្វឺហ្គោ (Fuego) ដែលមានទីតាំងស្ថិតនៅចម្ងាយ ៥០គីឡូម៉ែត្រ ភាគខាងលិចរដ្ឋធានីហ្គាតេម៉ាឡាស៊ីធី បានផ្ទុះ ហើយបានជះកម្អែរផេះឡើងលើផ្ទៃអាកាសកម្ពស់ជាង ១១គីឡូម៉ែត្រឯណោះ។ អាជ្ញាធរអះអាងថា ប្រហែលជាអាចមានមនុស្សស្លាប់ច្រើនបន្ថែមទៀត ក៏ព្រោះតែភូមិមួយនៅក្បែរភ្នំភ្លើងនោះ ត្រូវបានកម្អែរក្តៅគគុកហូរមកស្រោចពីលើតែម្តង ដែលវាពិតជាហេតុការណ៍ដ៏គួរឲ្យរន្ធត់ និងសង្វេគបំផុត កម្រកើតមានខ្លាំងណាស់លើផែនដី។
ខាងក្រោមនេះ គឺជាកម្រងរូបភាពនៃបន្ទុះភ្នំភ្លើង និងមហន្តរាយដែលបានកើតមានឡើងនៅប្រទេសហ្គាតេម៉ាឡា៖