(អាមេរិក)៖ នៅឆ្នាំ២០២៤ ទីភ្នាក់ងារអវកាសអាមេរិក NASA នឹងចាប់ផ្តើមបេសកកម្មថ្មីមួយ ដើម្បីជួយអ្នកវិទ្យាសាស្រ្ត ឲ្យបង្កើនការស្វែងយល់អំពីស្រទាប់ ដែលនៅហ៊ុមព័ទ្ធជុំវិញប្រព័ន្ធអាទិត្យយើងនេះតែម្តង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅរសៀលថ្ងៃចន្ទ ទី០៤ ខែមិថុនា ឆ្នាំ២០១៨។
ស្រទាប់ដ៏ធំនេះ ដែលគេស្គាល់ថា ជាស្រទាប់ Heliosphere ត្រូវបានបង្កើតឡើងដោយព្រះអាទិត្យ ដោយវារួមផ្សំឡើងពីភាគល្អិតតូចៗ និងដែនម៉ាញេទិចរបស់ព្រះអាទិត្យ។ ស្រទាប់ Heliosphere នេះ មានតួនាទីជួយការពារផែនដី និងភពនានាទាំងអស់នៅក្នុងប្រព័ន្ធព្រះអាទិត្យ ពីរលកវិទ្យុរបស់ទីអវកាស និងរារាំងកាំរស្មីប្រកបដោយថាមពលខ្លាំងៗមួយចំនួន ដែលកើតចេញពីតំបន់អវកាសនៅចន្លោះផ្កាយនីមួយៗជាដើម។
គួរជម្រាបថា ដែននៃស្រទាប់ Heliosphere មិនងាយនឹងទំលុះចូលនោះឡើយ ដូច្នេះហើយបេសកកម្មថ្មីរបស់ NASA មានឈ្មោះថា IMAP នឹងធ្វើការប្រមូលនិងសិក្សានូវភាគល្អិតតូចនានា ដែលធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន និងឆ្លងកាត់ស្រទាប់ Heliosphere ចូលមកក្នុងប្រព័ន្ធព្រះអាទិត្យបាន៕