(អាហ្វ្រិក​ខាង​ត្បូង)៖ ដំណើរទស្សនកិច្ច​​ផ្លូវរដ្ឋនាពេលឆាប់ៗ​ខាងមុខនេះ របស់​ប្រធានាធិបតី​រុស្ស៊ី​ លោក វ៉្លាឌីមៀ ពូទីន ទៅកាន់​ប្រទេសចិន គឺនឹងមាន​សារៈសំខាន់​ជាខ្លាំង​សម្រាប់​ការគ្រោងរៀបចំ​ នៃភាពរីកចម្រើន​ដំណាក់​កាលថ្មី នៅក្នុងទំនាក់ទំនង​ចិន-រុស្ស៊ី។ នេះបើតាម​សម្តី​​របស់ប្រមុខ​ការទូតចិន លោក វ៉ាង យី (Wang Yi) ដកស្រង់ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៤ ខែមិថុនា ឆ្នាំ២០១៨។

ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តី​ការបរទេស​ចិន លោក វ៉ាង យី (Wang Yi) បានធ្វើការ​លើកឡើងបែប​នេះ នៅក្នុងអំឡុង​កិច្ច​ជួបពិភាក្សា​ជាមួយ​​រដ្ឋ​​មន្រ្តីការបរទេស​រុស្ស៊ី ស៊ឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) នៅឱកាស​នៃការចូលរួមកិច្ចប្រជុំ​ផ្លូវការ​ថ្នាក់រដ្ឋមន្រ្តី​ការបរទេស​ នៃសមាគម​ប្រទេស​សេដ្ឋកិច្ច​ជឿន​លឿន BRICS នៅឯ​ទីក្រុង ចូហាន់ណែសប៊ឺក (Johannesburg) របស់​ប្រទេស​អាហ្វ្រិក​ខាងត្បូង។

គួរជម្រាបថា លោក ពូទីន នឹង​ត្រូវធ្វើដំណើរ​បំពេញទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់​ប្រទេសចិន ចាប់ពី​ថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមិថុនា និងចូល​រួម​កិច្ច​ប្រជុំ SCO នៅទីក្រុង គីងតាវ (Qingdao)។ វានឹងក្លាយជាជំនួបលើកទីមួយ​សម្រាប់​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង និង​លោក វ៉្លាឌីមៀ ពូទីន ជួបគ្នាជា​លើក​ដំបូងនៅក្នុង​ឆ្នាំនេះ៕