(ប៉េកាំង)៖ គ្រោះរញ្ជួយដីដ៏កក្រើកមួយ ដែលមានកម្រិតបង្គួរ ៥.៥រ៉ិចទ័រ បានវាយប្រហារនៅចំនុចមួយ មានចម្ងាយ ៥គីឡូម៉ែត្រ ពីភ្នំភ្លើងដែលធ្លាប់បានផ្ទុះរួចមកហើយកាលពីខែមុន នៅលើកោះហាវ៉ៃ សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី០៤ ខែមិថុនា ឆ្នាំ២០១៨។
សម្រាប់រំញ័រផែនដីខាងលើនេះ បានកើតមានឡើងនៅលើតំបន់ទីទួលតែម្តង (គឺកម្រិត -១.១៤គីឡូម៉ែត្រ ឬ ១.១៤គីឡូម៉ែត្រ ពីនីវ៉ូទឹកសមុទ្រ) បើយោងតាមការស្ទាបស្ទង់របស់ទីភ្នាក់ងារតាមដានភូមិសាស្ត្រអាមេរិក USGS។ ពុំទាន់មានសេចក្តីរាយការណ៍ណាមួយបញ្ជាក់អំពីចំនួនជនរងគ្រោះ ឬការបំផ្លិចបំផ្លាញណាមួយ ដែលអាចកើតមាននោះឡើយ។
គួរបញ្ជាក់ថា កោះហាវ៉ៃនាអំឡុងដើមឆ្នាំ២០១៨នេះ ក៏ដូចជាបណ្តាប្រទេសមួយចំនួនទៀតដែរដូចជាជប៉ុន ឥណ្ឌូណេស៊ី ហ្វីលីពីន និងតំបន់អាមេរិកឡាទីនជាប់មហាសមុទ្រប៉ាស៊ីហ្វិកនោះ តែងតែបានទទួលរងគ្រោះដោយបន្ទុះភ្នំភ្លើង និងគ្រោះរញ្ជួយដី ដោយសារតែតំបន់នេះស្ថិតនៅក្នុងខ្សែក្រវាត់ភ្លើង (Ring of Fire) នៃមហាសាគរប៉ាស៊ីហ្វិក។
ដោយឡែកនៅប៉ុន្មានម៉ោងមុននេះ គ្រោះធម្មជាតិបន្ទុះភ្នំភ្លើងប្រទេសហ្គាតេម៉ាឡា បានបង្កឲ្យកម្អែរភ្លើងហូរហៀរមកលើតំបន់ដែលមានប្រជាជនរស់នៅ និងផ្តាច់ជីវិតមនុស្សចំនួន ០៧នាក់ និងរបួសជិត ៣០០នាក់ឯណោះ ខណៈប្រជាជនជាច្រើនត្រូវបានជម្លៀសខ្លួន ទៅរកកន្លែងមានសុវត្ថិភាព៕