(គូឡាឡាំពួ)៖ ប៉ូលិសម៉ាឡេស៊ីបានចាប់ខ្លួនបុរសម្នាក់ ជាប់ពាក់ព័ន្ធនឹងការបង្ហោះសារនៅលើ Facebook គំរាមបាញ់សម្លាប់នាយករដ្ឋមន្ត្រី លោក មហាធៀ មហាម៉េដ ដែលបានប្រកាសការស៊ើបអង្កេតលើសំណុំរឿងពុករលួយ ជាប់ទាក់ទិងនឹងអតីតនាយករដ្ឋមន្ត្រី លោក ណាជីប រ៉ាហ្សាក់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែមិថុនា ឆ្នាំ២០១៨។
ជុំវិញការចាប់ខ្លួននេះដែរ នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃចន្ទនេះ មេបញ្ជាការប៉ូលិស លោក ម៉ូហាម៉េដ ហ្វូហ្ស៊ី ហារុន (Mohamad Fuzi Harun) បានឱ្យដឹងថា អាជ្ញាធរបានទទួលសេចក្ដីរាយការណ៍មួយ ពីអង្គការមូស្លីមមិនមែនរដ្ឋាភិបាល ផេគីដា (Pekida) ជុំវិញការបង្ហោះសារព្រមានបាញ់សម្លាប់លោក មហាធៀ នៅលើ Facebook កាលពីថ្ងៃទី៣១ ខែឧសភា។ «ជនសង្ស័យបានអះអាងថា គណនី Facebook របស់ខ្លួនត្រូវបានគេ Hack»។ នេះបើតាមលោក Mohamad Fuzi ដោយបន្ថែមថា ជនសង្ស័យនឹងបន្តស្ថិតនៅក្រោមការឃុំខ្លូនរហូតដល់ថ្ងៃពុធ រីឯស៊ើបអង្កេតមួយនឹងត្រូវធ្វើឡើង។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរម៉ាឡេស៊ី ជនសង្ស័យខាងលើជាបុរសវ័យ ៣៨ឆ្នាំម្នាក់ ដែលជាសមាជិកអង្គការ Pekida ហើយរូបគេត្រូវបានចាប់ខ្លួននៅឯផ្លូវ ហ្សាឡាន ប៊ែវែលី (Jalan Beverly Height) ស្ថិតនៅក្នុងទីក្រុង អាំប៉ាង (Ampang) កាលពីពេលព្រឹកថ្ងៃសៅរ៍កន្លងទៅ៕