(ដាម៉ាស់)៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថា ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់ អាសាដ គ្រោងនឹងបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ទីក្រុងព្យុងយ៉ាង ក្នុងពេលឆាប់នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែមិថុនា ឆ្នាំ២០១៨។
បើសិនជាដំណើរទស្សនកិច្ចនេះកើតឡើងពិតមែននោះ វានឹងក្លាយជាលើកដំបូងបំផុត ដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទទួលស្វាគមន៍មេដឹកនាំប្រទេសមួយ គិតចាប់តាំងពីលោកឡើងកាន់អំណាចកាលពីឆ្នាំ២០១១ មក។ លោក គីម មួយរយៈពេលចុងក្រោយនេះ បានធ្វើសកម្មភាពការទូតគួរឱ្យកត់សម្គាល់ ក្នុងនោះមានដូចជា ជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង កាលពីខែមេសា និងជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន កាលពីចុងខែឧសភា ខណៈលោកត្រូវបានគេរំពឹងថា នឹងត្រូវចូលរួមក្នុងជំនួបកំពូលជាមួយ លោក ដូណាល់ ត្រាំ ក្នុងប្រទេសសិង្ហបុរីនៅថ្ងៃទី១២ ខែមិថុនានេះ។
តែយ៉ាងណាក៏ដោយរដ្ឋាភិបាលស៊ីរី មិនទាន់ធ្វើការអត្ថាធិប្បាយណាមួយ ជុំវិញនឹងសេចក្ដីរាយការណ៍នេះនៅឡើយទេ ហើយ KCNA ក៏បានបញ្ជាក់ពីកាលបរិច្ឆេទ នៃដំណើរទស្សនកិច្ចនេះដែរ ដោយគ្រាន់តែស្រង់សម្ដីលោក បាស្សា អាល់ អាសាដ យ៉ាងដូច្នេះថា «ខ្ញុំនឹង បំពេញដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើង និងជួបជាមួយលោក គីម ជុងអ៊ុន។
គួរបញ្ជាក់ថា កូរ៉េខាងជើងបានបង្កើតទំនាក់ទំនងការទូតនឹងស៊ីរី នៅឆ្នាំ១៩៦៦។ ចំណែកឯសេចក្ដីរាយការណ៍ខាងលើរបស់ KCNA ធ្វើឡើងបន្ទាប់ពីលោក អាសាដ បានជួបជាមួយអគ្គរដ្ឋទូតកូរ៉េខាងជើងលោក ម៉ាន់ ចុងណាំ (Mun Jong-nam) នាពេលថ្មីៗនេះ និងចំពេលប្រទេសទាំងពីរត្រូវបានគេចោទប្រកាន់ថា កំពុងសហការគ្នាពាក់ព័ន្ធនឹងអាវុធគីមី៕