(សេអ៊ូល)៖ ប្រមុខការទូតនៃប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបើកកិច្ចសន្ទនាតាមទូរស័ព្ទនាថ្ងៃចន្ទនេះ ដើម្បីជជែកអំពីគម្រោងកិច្ចប្រជុំកំពូលរវាងកូរ៉េខាងជើង និងអាមេរិក ដែលបានវិលទៅភាពប្រសើរឡើងដូចដើមវិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែមិថុនា ឆ្នាំ២០១៨។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសនៃរដ្ឋាភិបាលទីក្រុងសេអ៊ូល រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោកស្រី កាង គ្យុងវ៉ា (Kang Kyung-wha) បានពិភាក្សាតាមប្រព័ន្ធទូរស័ព្ទ ជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) សម្រាប់រយៈពេល ១៥នាទី។
លោកស្រី Kang និងលោក Pompeo បានផ្លាស់ប្តូរទស្សនៈគ្នាជុំវិញស្ថានការណ៍វិត្តន៍ថ្មីៗនេះ នៅក្នុងគម្រោងជំនួបកំពូលកូរ៉េខាងជើង-អាមេរិក រួមមានទាំងដំណើរទស្សនៈកិច្ចពីសំណាក់មន្រ្តីជាន់ខ្ពស់ នៃរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង លោក គីម យ៉ុងចុល (Kim Yong Chol) ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន ដើម្បីជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
គួរជម្រាបថា បន្ទាប់ពីបានទទួលជួបបេសកជនពិសេសរបស់ លោក គីម ជុងអ៊ុន លោក ដូណាល់ ត្រាំ បានបញ្ជាក់ច្បាស់ថា រូបលោកនឹងជួបជាមួយប្រមុខដឹកនាំកំពូលកូរ៉េខាងជើង តាមការកំណត់ដូចពីខាងដើមដដែល នៅនាថ្ងៃទី១២ ខែមិថុនា នៅប្រទេសសិង្ហបុរី ដែលខិតជិតចូលមកដល់ហើយ៕