(ហ្កាតេម៉ាឡា)៖ មនុស្សយ៉ាងហោចណាស់មនុស្ស ០៧នាក់បានស្លាប់ និងជិត ៣០០នាក់ផ្សេងទៀតរងរបួស នៅក្នុងប្រទេសហ្គាតេម៉ាឡា បន្ទាប់ពីភ្នំភ្លើង ហ្វឺហ្គោ (Fuego) ស្ថិតនៅក្បែររដ្ឋធានី ហ្គាតេម៉ាឡាស៊ីធី (Guatemala City) បានផ្ទុះឡើងជាថ្មីជាលើកទី ២ នៅក្នុងឆ្នាំនេះ។ នេះបើតាមក្រុមមន្ត្រីហ្គាតេម៉ាឡា ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែមិថុនា ឆ្នាំ២០១៨។
យោងតាមក្រុមមន្ត្រីហ្គាតេម៉ាឡា ភ្នំភ្លើង Fuego ដែលស្ថិតនៅចំងាយ ៤០គីឡូម៉ែត្រ ពីភាគនិរតីរដ្ឋធានី Guatemala City បានផ្ទុះ កក្រើកជាថ្មីកាលពីថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់) ដោយបានបញ្ចេញផ្សែង និងផេះយ៉ាងក្រាស់ខ្មឹកទៅលើអាកាស ខណៈកម្អែរភ្នំភ្លើង បានហូរធ្លាក់ចុះទៅដល់ភូមិមួយនៅក្បែរនោះ ជាហេតុបណ្ដាលឱ្យមនុស្ស ០៧នាក់ស្លាប់ និងជាង ២៩៦នាក់រងរបួស។
គួរបញ្ជាក់ថា អាជ្ញាធរហ្គាតេម៉ាឡា បានជម្លៀសប្រជាជនរាប់ពាន់នាក់ ទៅកាន់ទីទួលមានសុវត្ថិភាព រីឯអាកាសយានដ្ឋាន La Aurora ស្ថិតនៅក្នុងរដ្ឋធានីនៃប្រទេសត្រូវបង្ខំចិត្តបិទទ្វារជាបណ្ដោះអាសន្ន។ ប្រទេសហ្គាតេម៉ាឡា ស្ថិតនៅតំបន់ទ្វីបអាមេរិកភាគកណ្តាល ក៏ជាប្រទេសដែលងាយទទួលរងគ្រោះធម្មជាតិផ្សេងៗផងដែរ ដូចជារញ្ជួយផែនដី និងបន្ទុះភ្នំភ្លើងនេះឯង៕