(ហ្សាកាតា)៖ ប៉ូលិសប្រឆាំងភេរវកម្មឥណ្ឌូនេស៊ី បានចាប់ឃុំខ្លួនអតីតនិស្សិត០៣នាក់ នៅក្នុងប្រតិបត្តិការវាយឆ្មក់លើសកលវិទ្យាល័យមួយកន្លែង ក្នុងទីក្រុង Pekanbaru នៃកោះ Sumatra ដោយរឹបអូសគ្រាប់កែច្នៃ និងឧបករណ៍គ្រឿងផ្ទុះជាច្រើន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យទី០៣ ខែមិថុនា ឆ្នាំ២០១៨។
ជុំវិញប្រតិបត្តិការនេះដែរ អ្នកនាំពាក្យប៉ូលិសជាតិឥណ្ឌូនេស៊ី លោក Setyo Wasisto ជនសង្ស័យទាំង០៣នាក់ខាងលើ ត្រូវបានគេចោទប្រកាន់ថា បាននិងកំពុងរៀបចំផែនការវាយប្រហារ លើសភានៅក្នុងតំបន់នៃទីក្រុង Pekanbaru ស្ថិតនៅក្នុងខេត្ត Riau។ អ្នកនាំពាក្យរូបនេះ បានបន្ថែមថា នៅក្នុងប្រតិបត្តិការវាយឆ្មក់កាលពីថ្ងៃសៅរ៍ នៅឯសាកសលវិទ្យាល័យ Riau ប៉ូលិសបានរកឃើញគ្រាប់ បែកកែច្នៃ ព្រមទាំងគ្រាប់បែកដៃ និងឧបករណ៍ផលិតគ្រឿងផ្ទុះជាច្រើនទៀត។ ប៉ុន្តែភ្លាមៗ គេមិនទាន់អាចកំណត់បានថាតើ ជនសង្ស័យទាំងនេះ មានជាប់ពាក់ព័ន្ធនឹងក្រុមសកម្មប្រយុទ្ធណាមួយនៅឡើយទេ។
គួរេំលឹកថា កាលពីខែឧសភា ប៉ូលិសឥណ្ឌូនេស៊ី ក៏ធ្លាប់បានបាញ់សម្លាប់បុរសបួននាក់ ដែលប្រើដាវសុំាមូរ៉ៃវាយប្រហារលើមន្ត្រីប្រចាំ ទីស្នាក់ការប៉ូលិសក្នុងទីក្រុង Pekanbaru ផងដែរ៕