(មូស្គូ)៖ ប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានគេរាយការណ៍ថា បានព្រមានប្រើប្រាស់កម្លាំងយោធា វាយប្រហារលើប្រទេសកាតា បើសិនជា អ្នកជិតខាងរបស់ខ្លួនមួយនេះ ហ៊ានទិញប្រព័ន្ធ មីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ី។ នេះបើតាមការសែតបារាំង Le Monde ចេញផ្សាយនៅក្នុងសប្ដាហ៍នេះ។
បើគេនៅចំានៅឡើយ កាលពីខែមិថុនា ឆ្នាំ២០១៧ អារ៉ាប៊ីសាអ៊ូឌីត បារ៉ែន អេមីរ៉ាតអារ៉ាប់រួម និងអេហ្ស៊ីប បានប្រកាសកាត់ផ្ដាច់ ទំនាក់ទំនងការទូតជាមួយកាតា ដោយចោទថា ទីក្រុងដូហា បានផ្ដល់ហិរញ្ញវត្ថុដល់ក្រុមភេរវករ ព្រមទាំងលូកដៃចូលកិច្ចការផ្ទៃក្នុងនៃ បណ្ដារដ្ឋអារ៉ាប់ និងបង្ហាញការគំាទ្រដល់សត្រូវស៊ូពូជរបស់អារ៉ាប៊ីសាអូឌីត គឺអ៊ីរ៉ង់។
ប៉ុន្តែកាលពីប៉ុន្មានថ្ងៃមុននេះ កាសែតបារាំង Le Monde ផ្អែកលើសំបុត្រមួយដែលស្ដេចសាល់ម៉ាន (King Salman) ផ្ញើជូនប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បានឱ្យដឹងថា ទីក្រុងរីយ៉ាដ បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះគំរោងទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ី របស់កាតា ដោយអះអាងថាវានឹងក្លាយជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សន្តិសុខ នៃបណ្ដាប្រទេសអារ៉ាប់នៅក្នុងតំបន់។ ដូច្នេះបារាំងគួរតែដាក់សម្ពាធការទូតលើកាតា។
សំបុត្រនេះដដែល បានគូសបញ្ជាក់ដូច្នេះថា៖ «បើសិនជាកិច្ចព្រមព្រៀងទិញ S-400 រវាងកាតា និងរុស្ស៊ីដំណើរការទៅមុខនោះ អារ៉ាប៊ីសាអូឌីត នឹងចាត់រាល់វិធានការចាំបាច់នានា ដើម្បីដកប្រព័ន្ធមីស៊ីលនេះចេញ ក្នុងនោះរួមមានទាំងការប្រើប្រាស់កម្លាំងយោធា ផងដែរ»។
គួររំលឹកថា កាលពីខែមករា កន្លងទៅ អគ្គរាជទូតកាតា ប្រចាំប្រទេសរុស្ស៊ី បានកត់សម្គាល់ថាប្រទេសរបស់លោកកំពុងមានភាពជឿន លឿនទៅមុខក្នុងដំណាក់កាលចរចាទិញ S-400 ពីទីក្រុងមូស្គូ ខណៈជម្លោះការទូតជាមួយប្រទេសអារ៉ាប់ក្បែរនៅតែមិនទាន់អាច ដោះស្រាយបាន រហូតមកទល់នឹងពេលនេះ៕
ប្រភព៖ Russian Today