(ហ្កាហ្សា)៖ យន្ដហោះចម្បាំងរបស់កងកម្លាំងទ័ពអាកាសអ៊ីស្រាអែល IAF បានបើកការវាយប្រហារតាមផ្លូអាកាស ជាបន្តបន្ទាប់លើតំបន់ ហ្កាហ្សា (Gaza) ជាមួយការអះអាងថា បានបំផ្លាញឃ្លាំងស្ដុកអាវុធ និងមូលដ្ឋានជាច្រើនរបស់ក្រុមហាម៉ាស់ប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី០៣ ខែមិថុនា ឆ្នាំ២០១៨។
ការវាយប្រហាររបស់ IAF ធ្វើឡើងក្រោយមានសេចក្ដីរាយការណ៍ថា គ្រាប់រ៉ុក្កែតចំនួន០៤គ្រាប់ ត្រូវគេបាញ់កាលពីថ្ងៃសៅរ៍ ចេញពី តំបន់ហ្កាហ្សា ឆ្ពោះមកកាន់ទឹកដីអ៊ីស្រាអែល ដែលចោទថាក្រុមហាម៉ាស់ជាអ្នកនៅពីក្រោយ ការវាយប្រហារនេះ។ «កាលពីប៉ុន្មានម៉ោងមុននេះ យន្ដហោះចម្បាំង IAF បានវាយប្រហារលើគោលដៅ១០កន្លែង របស់ក្រុមភេរវករ នៅតាមទីតាំងយោធាចំនួន០៣ដែលជា របស់ក្រុមភេរវករហាម៉ាស់នៅក្នុងតំបន់ហ្កាហ្សា។ ម្យ៉ាងវិញទៀត ការវាយប្រហារនេះធ្វើឡើងជាការឆ្លើយតបទៅនឹងគ្រាប់រ៉ុក្កែតដែល ត្រូវបានបាញ់ចេញដោយក្រុមហាម៉ាស់ កាលពីចុងសប្ដាហ៍នេះ»។ នេះគឺជាការគូសបញ្ជាក់ របស់ក្រសួងការពារជាតិអ៊ីស្រាអែល។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ គ្រាប់រ៉ុក្កែត០៤គ្រាប់ ត្រូវបានគេរាយការណ៍ថា បានបាញ់ចេញពីតំបន់ហ្កាហ្សា តម្រង់មកកាន់ភាគខាង ត្បូងទឹកដីអ៊ីស្រាអែល ប៉ុន្តែមិនមាននរណាម្នាក់រងរបួសនោះទេ។
ការវាយប្រហារនេះទៀតសោត កើតឡើងក្រោយអំពើហិង្សារវាង យោធាអ៊ីស្រាអែល និងជនជាតិប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា បានផ្ទុះឡើងជាថ្មីកាលពីថ្ងៃសៅរ៍ ដោយបណ្ដាលឱ្យមនុស្ស៤០នាក់ រងរបួស និងស្រ្តីគ្រូពេទ្យវ័យក្មេងប៉ាឡេស្ទីនម្នាក់ បានបាត់បង់ជីវិតដោយសារគ្រាប់កាំភ្លើងយោធាអ៊ីស្រាអែល។
ដោយឡែក ជុំវិញអំពើហិង្សានេះ អង្គការសហប្រជាជាតិ មិនអាចចេញដំណោះស្រាយការពារជនស៊ីវិលប៉ាឡេស្ទីន ពីគ្រាប់កាំភ្លើង
យោធាអ៊ីស្រាអែលបាននោះឡើយ ដោយសារតែមានការជំទាស់ពីសហរដ្ឋអាមេរិក។ ចំណែកឯ អ៊ីស្រាអែលវិញ បានសន្យាយកតែ រួចខ្លួនថានឹងបើកការស៊ើបអង្កេត ខណៈជនជាតិប៉ាឡេស្ទីនជាង ១២០នាក់ហើយ បានស្លាប់ និងរាប់ពាន់នាក់ទៀតរងរបួស គិតចាប់ តាំងពីថ្ងៃទី៣០ ខែមីនាមក៕