(វែសប៊ែង)៖ បុរសប៉ាឡេស្ទីនម្នាក់បានស្លាប់ ដោយការគ្រាប់កាំភ្លើងបាញ់ដោយទាហានអ៊ីស្រាអែលនាថ្ងៃសៅរ៍នេះ នៅទីក្រុងហេប្រុន (Hebron) ភាគខាងលិចនៃដែនដី វែសប៊ែង (West Bank) ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ (Xinhua) នៅវេលាយប់ថ្ងៃសៅរិ៍ ទី០២ ខែមិថុនា ឆ្នាំ២០១៨ ដែលបានដកស្រង់ចេញពីរបាយការណ៍ របស់ក្រសួងសុខាភិបាលប៉ាឡេស្ទីន។
ក្រសួងសុខាភិបាលប៉ាឡេស្ទីន មិនបានបង្ហាញព័ត៌មានលម្អិតអំពីការស្លាប់នៃបុរស នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននោះទេ។ ប៉ុន្តែយោងតាមប្រភពសន្តិសុខប៉ាឡេស្ទីន បានប្រាប់ភ្នាក់ងារសារព័ត៌មានស៊ីនហួរថា បុរសដែលគេបាញ់សម្លាប់នោះ ត្រូវបានកំណត់អត្តសញ្ញាណថា មានអាយុ ៣០ ឆ្នាំ ឈ្មោះ រ៉ាមី សាប៊ែណេ (Rami Sabarneh) ហើយជាអ្នកធ្វើការក្បែររបាំងការពាររបស់កងទ័ពអ៊ីស្រាអែល។
គួរបញ្ជាក់ យោងតាមប្រភពពីផ្នែកសន្តិសុខប៉ាឡេស្ទីនដដែលនេះបានរាយការណ៍ថា កងកម្លាំងទាហានអ៊ីស្រាអែល បានរារាំងមិនឲ្យរថយន្តសង្គ្រោះបន្ទាន់របស់ប៉ាឡេស្ទីនទៅដល់កន្លែងកើតហេតុក្រោយពីឧបទ្ទវហេតុបាញ់សម្លាប់មនុស្សនេះ បានកើតឡើងឡើយ៕