(គែរ)៖ ប្រធានាធិបតីអេហ្ស៊ីប លោក អាប់ឌែល ហ្វាតតាហ៍ អាល់ ស៊ីស៊ី (Abdel Fattah al-Sisi) បានស្បថឡើងកាន់តំណែងជាផ្លូវការហើយ នៅព្រឹកថ្ងៃសុក្រនេះ (ម៉ោងទីក្រុងគែរ) បន្ទាប់ពីបានឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី កាលពីពេលថ្មីៗកន្លងទៅ ហើយលោកនឹងបន្តដឹកនាំប្រទេសអាហ្វ្រិកខាងជើងមួយនេះ នាអាណត្តិទី២ទៀត រហូតដល់ឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី០២ ខែមិថុនា ឆ្នាំ២០១៨។
នៅក្នុងការថ្លែងសារទៅកាន់ប្រជាជាតិ នៅថ្ងៃឡើងកាន់តំណែងនេះ លោក ស៊ីស៊ី បានស្បថស្បែរថា «ខ្ញុំសូមស្បថចំពោះមុខព្រះជាម្ចាស់ ក្នុងការការពារប្រព័ន្ធដឹកនាំបែបសាធារណរដ្ឋ, គោរពរដ្ឋធម្មនុញ្ញ និងច្បាប់, ការពារផលប្រយោជន៍ប្រជាជន និងថែរក្សាឯករាជ្យភាពជាតិ និងការរួបរួមទឹកដីរបស់អេហ្ស៊ីប។ យើងបានរៀបចំរួចហើយ ដើម្បីធ្វើដំណើរឆ្លងកាត់រឿងរ៉ាវលំបាកៗ ដើម្បីឆ្ពោះទៅកាន់អនាគតដែលមានស្ថិរភាពជាងមុន»។
គួរបញ្ជាក់ថា ប្រទេសអេហ្ស៊ីបបានឆ្លងកាត់បដិវត្តន៍ និងរបត់នយោបាយក៏កក្រើកៗនារយៈពេល ០៧ឆ្នាំចុងក្រោយនេះ ដោយមានទាំងផ្តួលរំលំរបបផ្តាច់ការរបស់លោក ហូស្នី មូបារ៉ាក់ ដែលមានរយៈពេល ៣២ឆ្នាំ និងការផ្តួលរំលំអតីតប្រធានាធិបតីជាប់ឆ្នោតដំបូងក្នុងប្រវត្តិសាស្ត្រអេហ្ស៊ីកាលពីឆ្នាំ២០១៣ គឺលោក ម៉ូហាម៉េដ ម៉ូស៊ី។ បច្ចុប្បន្នបញ្ហាប្រឈមធំៗរបស់អេហ្ស៊ីប គឺការរួបរួមជាតិអំឡុងពេលនៃការធ្វើទុក្ខបុកម្នេញដោយក្រុមឧទ្ទាម និងវិបត្តិសេដ្ឋកិច្ច ដែលបង្កឡើងដោយសារសង្គ្រាមកាលពីមុន៕