(សាន់ហ្វ្រាន់ស៊ីស្កូ)៖ រដ្ឋកាលីហ្វរញ៉ានៃសហរដ្ឋអាមេរិក នឹងធ្វើការហាមប្រាមមិនឲ្យបុគ្គលិករដ្ឋ ធ្វើដំណើរទៅកាន់រដ្ឋអូក្លាហូម៉ាទៀតឡើយ ចាប់ពីថ្ងៃទី២២ ខែមិថុនាតទៅ ដោយសារតែរដ្ឋអូក្លាហូម៉ា បានអនុម័តច្បាប់ទាក់ទាងនឹងការរើសអើងលើក្រុម LGBT រួមមានជនភេទទីបី អ្នកកែភេទ និងអ្នកស្រឡាញ់ភេទដូចជាដើម។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសោរ៍ ទី០២ ខែមិថុនា ឆ្នាំ២០១៨។
ប្រកាសខាងលើត្រូវបានធ្វើឡើង ដោយអគ្គរដ្ឋអាជ្ញារដ្ឋកាលីហ្វរញ៉ា លោក សាវីយឺ បេសែរ៉ា (Xavier Becerra) តាមរយៈបណ្តាញសង្គម Twitter។ លោក Becerra បានបង្ហោះសារឲ្យដឹងយ៉ាងដូច្នេះថា «រដ្ឋអូក្លាហូម៉ា នឹងត្រូវចាត់ចូលក្នុងបញ្ជី នៃរដ្ឋដែលស្ថិតក្រោមការហាមឃាត់ មិនឲ្យមន្រ្តីរាជការនៃរដ្ឋកាលីហ្វរញ៉ាធ្វើដំណើរទៅកាន់ ក្រោមគោលដៅទាក់ទិននឹងការងារទៀតឡើយ ដោយសារច្បាប់រើសអើងនៅក្នុងរដ្ឋអូក្លាហូម៉ា ដែលនឹងបើកដៃឲ្យទីភ្នាក់ងារនានា ដែលផ្តល់សេវាយកកូនទៅចិញ្ចឹម មិនឲ្យផ្តល់សេវាទៅឲ្យឪពុកម្តាយឬកុមារក៏ដូចជាយុវជន-យុវតីនៅក្នុងក្រុម LGBT»។
ចំណាត់ការខាងលើនេះ នឹងធ្វើឲ្យរដ្ឋអូក្លាហូម៉ាក្លាយជារដ្ឋទី ៩ ហើយដែលស្ថិតក្នុងបញ្ជីខ្មៅ ស្តីពីការធ្វើដំណើររបស់រដ្ឋកាលីហ្វរញ៉ា។ ច្បាប់មួយក្នុងរដ្ឋអូក្លាហូម៉ា ដែលនឹងចូលជាធរមាននៅខែវិច្ឆិកា អនុញ្ញាតឲ្យបណ្តាទីភ្នាក់ងារផ្តល់សេវាកូនចិញ្ចឹម អាចបដិសេធចំពោះការដាក់ពាក្យស្នើសេវាពីគូជីវិតដែលមានភេទដូចគ្នា និងការស្វែងរកទីជ្រកកោនរបស់កុមារ ក៏ដូចជាយុវជន-យុវតី LGBT។
គួរជម្រាបថា នៅក្រោមច្បាប់មួយដែលត្រូវបានអនុម័តកាលពីឆ្នាំទៅ រដ្ឋកាលីហ្វរញ៉ា បានដាក់បំរាមលើការធ្វើដំណើររបស់បុគ្គលិករដ្ឋ ដែលមានការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុពីរដ្ឋ ទៅកាន់រដ្ឋ អាឡាបាម៉ា (Alabama), កាន់សាស (Kansas), ខេនទុកគី (Kentucky), មីស៊ីស៊ីពពី (Mississippi), ណតស៍ ខារ៉ូលីណា (North Carolina), សោតស៍ ដាកូតា (South Dakota), ធិននែសស៊ី (Tennessee), និង តិចសាស់ (Texas) ដោយសារតែរដ្ឋទាំងនេះ បានអនុម័តច្បាប់ដែលមានការរើសអើងផ្លូវភេទ៕