(សាណាអា)៖ ក្រុម​ឧទ្ទាម​ហួធី (Houthi) នៅប្រទេស​យ៉េមែន​​បានប្រកាសថា កងកម្លាំង​របស់​ខ្លួន​​បានបាញ់ទម្លាក់​ ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​របស់កង​ទ័ព​អាកាស​នៃប្រទេស​​អារ៉ាប៊ីសាអូឌីត នៅក្នុងប្រយុទ្ធគ្នា​​ទាំងយប់​ នាតំបន់ឆ្នេរភាគ​ខាងលិច​ប្រទេស​​យ៉េមែន។ នេះបើតាម​​ការចេញផ្សាយ​​ដោយ ស៊ីនហួរ នារសៀល​​ថ្ងៃសៅរ៍ ទី០២ ខែមិថុនា ឆ្នាំ២០១៨។

មេដឹកនាំគណកម្មាធិការ​បដិវត្តន៍ជាន់ខ្ពស់ គាំទ្រក្រុម​ឧទ្ទាម ហួធី (HSRC) លោក ម៉ូហាំម៉េដ អាលី អាល់ហួធី (Mohammed Ali al-Houthi) បាន​បញ្ជាក់នៅក្នុង Twitter ផ្លូវការរបស់​លោកថា កងកម្លាំង​របស់ក្រុម HSRC បានបាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ​ខាងលើនេះ នៅអំឡុងពេល​ធ្វើសង្គ្រាមទាំងយប់​ ប្រឆាំង​នឹង​កងកម្លាំង​​ចំរុះ​គាំទ្រដោយ​រដ្ឋាភិបាល​យ៉េមែន នៅតំបន់ឆ្នេរ ដែលស្ថិតនៅ​មិនឆ្ងាយ​ប៉ុន្មាន​នោះ​ឡើយ ពីភាគខាងត្បូង​កំពង់ផែ​សមុទ្រ Red Sea នៃទីក្រុង​ ហូដៃដាហ៍ (Hodeidah)។

គួរបញ្ជាក់ថា ភាគីខាង​អារ៉ាប៊ីសាអូឌីត មិនទាន់បានចេញ​មុខ​អះអាង អំពីការថ្លែង​ពីក្រុម​ហួធីនោះ​ឡើយ។ កាលពីថ្ងៃ​សុក្រម្សិលមិញ​នេះ ការប៉ះទង្គិចគ្នា​រវាងភាគី​ក្រុមឧទ្ទាម និងកងកម្លាំងចុះ​ដឹកនាំដោយ​អារ៉ាប៊ីសាអូឌីត ដើម្បីគាំទ្រ​រដ្ឋាភិបាលយ៉េមែន​​នោះ បានបណ្តាល​ឲ្យមនុស្សស្លាប់​សរុប ៧៨នាក់ (មកពីភាគីទាំង​សងខាង)៕