(រីយ៉ូ)៖ នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុនប្រេង និងឧស្ម័នដ៏ធំ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលប្រេស៊ីល ផេត្រូប្រាស (Petrobras) លោក ផាត្រូដ ភែរិនតេ (Padro Parente) បានប្រកាសពីការលាលែងពីតំណែង នាថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅប្រេស៊ីល)។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០២ ខែមិថុនា ឆ្នាំ២០១៨។
ការចុះចេញពីតួនាទីរបស់លោក Parente ត្រូវបានធ្វើឡើង បន្ទាប់ពីបណ្តាបុគ្គលិករបស់ក្រុមហ៊ុន Petrobras ដែលបានចាប់ផ្តើមកាលពីថ្ងៃពុធកន្លងទៅនេះ ក្រោមគោលដៅចម្បង គឺចង់ឲ្យមានការដកហូតតំណែងលោក Parente។ ខណៈដែលលោក Padro Parente បានសម្រេចដើរចេញពីតួនាទី នាយកផ្នែកហិរញ្ញវត្ថុ (CFO) របស់ក្រុមហ៊ុន លោក អ៊ីវ៉ាន ម៉ុនទៃរ៉ូ (Ivan Monteiro) នឹងឡើងដឹកនាំក្រុមហ៊ុនជាបណ្តោះអាសន្នសិន រហូតទាល់តែ CEO ថ្មីត្រូវបានតែងតាំង។
គួរជម្រាបថា លោក Parente បានដឹកនាំក្រុមហ៊ុនប្រេងយក្សនេះអស់រយៈពេល ០២ឆ្នាំ មកហើយ ដោយនៅអំឡុងការរដ្ឋបាលគ្រប់គ្រងរបស់លោក រដ្ឋាភិបាលប្រេស៊ីល បានអនុញ្ញាតឲ្យមានការកែប្រែ លើដំណើរការនៃការកំណត់តម្លៃប្រេង ដែលបានបណ្តាលឲ្យមានការបង្កើន ថ្លៃប្រេងជាញឹកញាប់។ តួយ៉ាងតម្លៃប្រេងម៉ាស៊ូត បានកើនឡើងជាង ៥០ភាគរយ កាលពីឆ្នាំទៅតែឯងប៉ុណ្ណោះ។
ជាងនេះទៅទៀត ក្រុមអ្នកបើកឡានដឹកឥវ៉ាន់ធំៗនៅទូទាំងប្រទេស ក៏បានធ្វើកូដកម្មបិទផ្លូវរយៈពេល ១០ថ្ងៃ កាលពីខែមុនផងដែរ ជុំវិញបញ្ហាតម្លៃប្រេងឡើងថ្លៃ រហូតដល់រដ្ឋាភិបាលបានយល់ព្រមបញ្ចុះថ្លៃម៉ាស៊ូត ក្នុងកម្រិតច្រើនគួសម៕