(សិង្ហបុរី)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) បានបញ្ជាក់ច្បាស់ៗនៅថ្ងៃសៅរ៍នេះថា ការដកទ័ព ឬសូម្បីកាត់បន្ថយទ័ពចេញពីទឹកដីកូរ៉េខាងត្បូង គ្មាននោះឡើយនៅលើតុពិភាក្សាគ្នារវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ដែលគ្រោងធ្វើឡើងនៅប្រទេសសិង្ហបុរី នាថ្ងៃទី១២ ខែមិថុនា ខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី០២ ខែមិថុនា ឆ្នាំ២០១៨។
ការថ្លែងរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកខាងលើនេះ ត្រូវបានធ្វើឡើងនៅអំឡុងពេលដែលលោក ចូលរួមនៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី ដែលបាននិងកំពុងប្រារព្ធឡើងនៅសិង្ហបុរី ចាប់ពីថ្ងៃសុក្រ រហូតដល់ថ្ងៃអាទិត្យចុងសប្តាហ៍នេះ។ លោក ចេមស៍ បញ្ជាក់យ៉ាងដូច្នេះថា «បញ្ហានេះ (ការដកទ័ព ឬបន្ថយទ័ពអាមេរិកនៅកូរ៉េខាងត្បូង) គឺមិនស្ថិតនៅលើតុពិភាក្សាគ្នានៅក្នុងប្រទេសសិង្ហបុរី នាថ្ងៃទី១២ ខែមិថុនា ខាងមុខនេះឡើយ...»។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានបង្ហាញភាពច្បាស់លាស់រៀងៗខ្លួន ក្នុងការមកជួបពិភាក្សាជាមួយគ្នាកម្រិលកំពូលក្នុងប្រទេសសិង្ហបុរី ដែលជារឿងមិនធ្លាប់មាននោះឡើយក្នុងប្រវត្តិសាស្ត្រ ស្ថិតនៅលើគោលដៅធ្វើឲ្យស្ថានការណ៍នៅតំបន់ឧបទ្វីបកូរ៉េ ឈានទៅរកសន្តិភាពពេញលេញ តាមរយៈការព្រមលះបង់ចោល អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ជាថ្នូរនឹងការដកទណ្ឌកម្មពីអន្តរជាតិ។ ការត្រូវរ៉ូវគ្នាជាមួយកូរ៉េខាងជើងនេះ ក៏ស្ថិតនៅក្នុងគោលនយោបាយរបស់លោក ដូណាល់ ត្រាំ ផងដែរកាលពីលោកកំពុងឃោសនារកសំឡេងឆ្នោត៕