(រ៉ង់ហ្គូន)៖ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក យូ វីន ម្យីនត៍ (U Win Myint) បានអំពាវនាវឲ្យគណកម្មការបោះឆ្នោត នៃសហភាពមួយនេះ ទទួលយកនូវការអំពាវនាវរបស់គណបក្សនានាយកមកគិតគូរ ដែលជាផ្នែកមួយនៃកាតព្វកិច្ចរបស់ស្ថាប័នេះ ដើម្បីគ្រប់គ្រងលើគណបក្សនយោបាយទាំងអស់ ឈានទៅរកការបោះឆ្នោតប្រកបដោយភាពសេរី និងយុត្តិធម៌បំផុត។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី០២ ខែមិថុនា ឆ្នាំ២០១៨។
លោក យូ បានប្រាប់ក្នុងសន្និសីទមួយ ក្នុងរដ្ឋធានីណៃពិដោយ៉ាងដូច្នេះថា «ការរៀបចំដំណើរការនានាមុនការបោះឆ្នោត ត្រូវតែធ្វើឡើងដើម្បីឲ្យគណកម្មការនេះ ទទួលបាននូវទំនុកចិត្ត និងអាចទទួលយកបាន»។ ការបោះឆ្នោតសភាអាណត្តិថ្មីរបស់ប្រទេសមីយ៉ាន់ម៉ា នឹងប្រារព្ធឡើងនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះហើយ ដោយគណបក្សលោកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងកាន់អំណាច ក៏នឹងចូលរួមផងដែរ ប៉ុន្តែលោកស្រី ស៊ូជី នឹងគ្មានថ្ងៃអាចឡើងធ្វើជាប្រធានាធិបតីនោះឡើយ ទោះបីបក្សលោកស្រីជាប់ឆ្នោតជាថ្មីទៀត ក៏ព្រោះតែមាត្រាមួយដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញមីយ៉ាន់ម៉ា បានរារាំងលោកស្រីតាំងពីដើមរៀងមក ដោយសារតែលោកស្រីមានស្វាមីជាជនបរទេស។
គួរបញ្ជាក់ថា ការចុះឈ្មោះចូលរួមប្រកួតប្រជែងការបោះឆ្នោតពីសំណាក់គណបក្សនយោបាយនានា និងការបញ្ជូនឈ្មោះបេក្ខភាពតំណាងបក្សនីមួយៗនោះ គឺនឹងត្រូវចាប់ផ្តើមពីថ្ងៃទី០២ ខែកក្កដាតទៅហើយ ដោយវានឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១១ ខែកក្កដាដដែល។ ក្រោយការពិនិត្យរួច បេក្ខភាពនានា (បេក្ខជនប្រធានាធិបតី) ដែលតំណាងបក្សនីមួយៗ នឹងត្រូវប្រកាសឈ្មោះជាផ្លូវការនៅថ្ងៃទី០៦ ខែសីហា ដើម្បីចាប់ផ្តើមការត្រៀមធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត ពីសំណាក់គណបក្សនីមួយៗ៕