(យូអិន)៖ ឯកអគ្គរដ្ឋទូតគុយវ៉ែតប្រចាំអង្គការសហប្រជាជាតិ (UN) បានប្រកាសប្តេជ្ញាថា នឹងឡើងទៅដល់មហាសន្និបាត UN ដើម្បីស្នើការការពារជនជាតិប៉ាឡេស្ទីន ក្រោយពីសេចក្តីព្រាងនៃដំណោះស្រាយមួយ ដែលតាក់តែងឡើងដោយប្រទេសគុយវែត ក្នុងន័យធ្វើបែបនេះ ត្រូវបានជំទាស់ដោយសហរដ្ឋអាមេរិកតែម្នាក់ឯង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែមិថុនា ឆ្នាំ២០១៨។
ឯកអគ្គរដ្ឋទូតប្រទេសគុយវ៉ែត លោក មែនសួរ អាយយ៉ាដ អាល់ អូតៃប៊ី (Mansour Ayyad Al-Otaibi) បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា «យើងនឹងពិចារណាលើកយកបញ្ហានេះឡើងទៅដល់មហាសន្និបាត នៃអង្គការសហប្រជាជាតិ និងទៅកាន់ស្ថាប័ន UN ដទៃៗទៀត ដើម្បីព្យាយាមស្វែងរកមធ្យោបាយ ដើម្បីផ្តល់ការការពារអន្តរជាតិ សម្រាប់ប្រជាជនប៉ាឡេស្ទីន»។
គួរជម្រាបថា សមាជិក ១០នាក់ក្នុងចំណោមសមាជិកទាំង ១៥ប្រទេស នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបោះឆ្នោតគាំទ្រសេចក្តីព្រាងដំណោះស្រាយរបស់ប្រទេសគុយវែត ហើយសហរដ្ឋអាមេរិកតែឯងប៉ុណ្ណោះ ដែលបានបោះឆ្នោតប្រឆាំង ខណៈប្រទេស០៤ទៀតបានធ្វើអនុប្បវាទ (មិនចូលរួមបោះ)។
សេចក្តីព្រាងរបស់គុយវ៉ែត ពុំអាចត្រូវអនុម័ត ចេញបានឡើយ ដោយសារតែអាមេរិក ដែលជាសមាជិកអចិន្រ្តៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខ UN មានអំណាចវ៉េតូ (ជំទាស់)៕