(តេហេរ៉ង់)៖ ប្រធានសភាអឺរ៉ង់លោក អាលី ឡារីចានី (Ali Larijani) បានអះអាងយ៉ាងម៉ឹងម៉ាត់ថា ទីក្រុងតេហេរ៉ង់ត្រៀមខ្លួនរួចជាស្រេច ដើម្បីទប់ទល់ចំណាត់ការប្រឆាំងអ៊ីរ៉ង់របស់សហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានសម្រេចដកខ្លួនចេញកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែមិថុនា ឆ្នាំ២០១៨។
ជាមួយគ្នានេះលោក Larijani ក៏បានរិះគន់ធ្ងន់ ទៅលើការសម្រេចចិត្តខុសរបស់អាមេរិក ក្នុងការដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ផងដែរ។ ម៉្យាងវិញទៀតលោក Ali Larijani ថែមទាំងបានថ្កោលទោសទៅលើលក្ខខណ្ឌ ១២ចំណុច ដែលត្រូវបានដាក់ចេញដោយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) កាលពីថ្ងៃទី២១ ខែឧសភា មកឲ្យអ៊ីរ៉ង់ ដើម្បីបញ្ចៀសការទណ្ឌកម្មធ្ងន់ធ្ងរបំផុត ពីសំណាក់ទីក្រុងវ៉ាស៊ីនតោន។
គួរជម្រាបថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី០៨ ខែឧសភាកន្លងទៅថា សហរដ្ឋអាមេរិកនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ទោះបីជាអន្តរជាតិមានការជំទាស់ ហើយព្រមានការដុតរោលភាពតានតឹង នៅតំបន់មជ្ឈិមបូព៌ាយ៉ាងណាក្តី៕