(អាមេរិក)៖ យានអវកាសមួយគ្រឿងរបស់ NASA នឹងត្រូវធ្វើដំណើរទៅយ៉ាងកៀកជាមួយ Ceres ជាអាចម៍ផ្កាយយក្ស ដែលភពមិនពេញលក្ខណៈ (Dwarf Planet) នៅក្នុងតំបន់ខាងក្នុងនៃប្រព័ន្ធព្រះអាទិត្យ (គិតត្រឹមភពអង្គារមកព្រះអាទិត្យ)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែមិថុនា ឆ្នាំ២០១៨។
នាខែថ្មីនេះ យានស្រាវជ្រាវឈ្មោះថា Dawn របស់ទីភ្នាក់ងារអវកាស NASA នឹងឆ្លាស់ទៅរកគន្លងមួយ ដែលនឹងស្ថិតនៅចម្ងាយត្រឹមតែ ៣៥គីឡូម៉ែត្រប៉ុណ្ណោះពីលើផ្ទៃរបស់អាចម៍ផ្កាយ ឬភពមិនពេញលក្ខណៈ Ceres នៅចំណុចកៀកបំផុត ដោយវានឹងអនុញ្ញាតឲ្យ Dawn ផ្តិតយកទស្សនីយភាពដ៏ល្អបំផុតពី Ceres ខណៈចំណុចឆ្ងាយបំផុត នៃគន្លងរាងពងក្រពើនេះ នឹងនាំយកយាន Dawn ទៅចម្ងាយ ៤,០០០គីឡូម៉ែត្រ។ នៅចំណុចទាប និងកៀកបំផុតរបស់វា យានអវកាស Dawn នឹងនៅរយៈចម្ងាយ ១០ដងជិតទៅនឹង Ceres ជាងយានពីមុនៗទាំងអស់។
គួរជម្រាបថា យានអវកាស Dawn បាននិងកំពុងបន្តវិលជុំវិញ Ceres ដែលស្ថិតនៅតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ (ចន្លោះភពអង្គារ និងភពព្រហស្បតិ៍) ចាប់តាំងពីខែមីនា ឆ្នាំ២០១៥មកម្ល៉េះ។ NASA បានបាញ់បង្ហោះយានបេសកកម្មនេះ កាលពីឆ្នាំ២០០៧ ដោយជាដំបូងបានបញ្ជូន Dawn ទៅកាន់អាចម៍ផ្កាយយក្ស Vesta ដែលជាវត្ថុអវកាសធំបំផុតលំដាប់ទីពីរ នៅតំបន់ខ្សែក្រវាត់អាចម៍ផ្កាយបន្ទាប់ពី Ceres៕