(យូអិន)៖ សហរដ្ឋអាមេរិកនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅទីក្រុងញូយ៉ក) បានធ្វើការទាត់ចោលនូវសេចក្តីព្រាង នៃដំណោះស្រាយមួយ ដែលត្រូវបានតាក់តែងឡើងដោយប្រទេសគុយវ៉ែត ក្នុងន័យការពារជនជាតិប៉ាឡេស្ទីន ពីការសម្លាប់រង្គាលដោយទាហានអ៊ីស្រាអែល នៅក្នុងកិច្ចប្រជុំមួយនៃក្រុមប្រឹក្សាសន្តិសុខ (UNSC)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០២ ខែមិថុនា ឆ្នាំ២០១៨។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺក្នុងចំណោមសមាជិកទាំង ១៥ របស់ UNSC ០៤ ប្រទេសត្រូវបានអវត្តមាន ដូច្នេះមានតែ ១១ប្រទេសប៉ុណ្ណោះ បានធ្វើការបោះឆ្នោតទៅលើសេចក្តីព្រាង ហើយក៏មានតែអាមេរិកតែឯងដែរ ដែលបានបោះឆ្នោតជំទាស់ ខណៈសមាជិកចំនួន ១០ ផ្សេងទៀតសុទ្ធតែគាំទ្រ។ ដោយសារតែអាមេរិកស្ថិតនៅក្នុងចំណោមប្រទេសសមាជិកអចិន្ត្រៃយ៍ទាំង ៥ ឬ P5 ទើបការជុំទាស់តែ ១ នេះវាល្មមគ្រប់គ្រាន់ឲ្យសេចក្តីព្រាងត្រូវបានរៀបចំឡើងដោយប្រទេសគុយវ៉ែត ជាប់គាំងដោយឥតលក្ខខណ្ឌ។
គួរបញ្ជាក់ថា ជុំវិញការជំទាស់សេចក្តីព្រាង ដែលស្ថិតនៅក្នុងគោលដៅការពារសុវត្ថិភាពប៉ាឡេស្ទីននេះ ត្រូវបានលោកស្រី នីកគី ហាឡេយ (Nikki Haley) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN បកស្រាយថា ក៏ព្រោះតែវាមានភាពលម្អៀង ទៅលើតែភាគីម្ខាងខ្លាំងពេក ហើយវានឹងធ្វើឲ្យអ្វីៗគ្រប់យ៉ាងកាន់តែដុនដាប និងបង្កផលប៉ះពាល់ថែមទៀត ទៅដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាព រវាងប្រទេសអ៊ីស្រាអែល និងរដ្ឋប៉ាឡេស្ទីន៕