(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោកស្រី ថេរេសា ម៉ាយ (Theresa May) បានឲ្យដឹងថា លោកស្រីមានការខកចិត្តជាខ្លាំងក្រៃលែង ចំពោះការសម្រេចចិត្តមិនសមហេតុសមផលរបស់សហរដ្ឋអាមេរិក ក្នុងការអនុវត្តន៍ការបង្កើនពន្ធមកលើផលិតផលដែក និងអាលុយមីញ៉ូមនាំចូលពីសហភាពអឺរ៉ុប ដែលទីបំផុតបានចូលជាធរមាន ក្រោយពីមានការលើកលែងអស់ប៉ុន្មានខែកន្លងទៅនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែមិថុនា ឆ្នាំ២០១៨។
ការធ្វើអត្ថាធិប្បាយរបស់លោកស្រី May ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីការសម្រេចចិត្តដំឡើងពន្ធនេះ នៅចំពោះមុខការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់សម្ព័ន្ធមិត្តប្រទេសជាដៃគូដទៃទៀត។ លោកស្រី May បានថ្លែងក្នុងសេចក្តីថ្លែងការណ៍ថា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស គឺជាសម្ព័ន្ធដ៏ជិតស្និទ្ធនឹងគ្នា ហើយតែងតែបានលើកកម្ពស់ពីតម្លៃនៃការធ្វើពាណិជ្ជកម្មដោយសេរី និងស្មើភាពនៅទូទាំងពិភពលោក។
គួរជម្រាបថា ការបង្កើនពន្ធដល់ ២៥ភាគរយ ទៅលើផលិតផលដែកដែលនាំចូល និង ១០ភាគរយ ទៅលើអាលុយមីញ៉ូមដែលនាំចូល នាពេលនេះក៏ប៉ះពាល់ដល់សហភាពអឺរ៉ុប កាណាដា និងម៉ិចស៊ីកូផងដែរ ខណៈដែលវាបានចូលជាធរមានហើយ៕