(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ឲ្យពិភពលោកជ្រាបសាជាថ្មីថា រូបលោកនឹងជួបជាមួយប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃទី១២ ខែមិថុនា ក្នុងប្រទេសសិង្ហបុរី ដូចការគ្រោងទុកពីខាងដើមដដែល ក្រោយពីគម្រោងកិច្ចប្រជុំដែលគ្រប់ៗគ្នាទន្ទឹងរង់ចាំយ៉ាងអន្ទះសារនេះ បានជួបបញ្ហាមួយរយៈខ្លី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែមិថុនា ឆ្នាំ២០១៨។
ការបញ្ជាក់បែបនេះរបស់លោក ត្រាំ ត្រូវបានធ្វើឡើងនៅឯសេតវិមាន ក្រោយពីលោកបានទទួលជួបពិភាក្សាអស់រយៈពេលជិត០២ម៉ោងជាមួយមន្រ្តីជាន់ខ្ពស់មកពីទីក្រុងព្យុងយ៉ាង ដែលបានពាំនាំយកលិខិតផ្ទាល់ខ្លួនមួយច្បាប់ ពីលោក គីម ជុងអ៊ុន មកឲ្យលោក ដូណាល់ ត្រាំ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោកប្រធានាធិបតីអាមេរិក បាននិយាយដូច្នេះថា «ទីក្រុងវ៉ាស៊ីនតោននិងទីក្រុងព្យុងយ៉ាង នឹងចាប់ផ្តើមទំនាក់ទំនងថ្មីមួយ ហើយវានឹងចាប់ផ្តើមនៅថ្ងៃទី១២ ខែមិថុនា»។
គួរជម្រាបថា នាពេលថ្មីៗ មនុស្សភាគច្រើនសឹងតែអស់សង្ឃឹមទៅហើយថា ជំនួបកំពូលអាមេរិក-កូរ៉េខាងជើង នឹងពុំអាចកើតឡើងនោះឡើយ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានសម្រេចលុបចោលតាមរយៈការផ្ញើលិខិតទៅកាន់លោក គីម ជុងអ៊ុន កាលពីសប្តាហ៍មុន។ តែមិនបានប៉ុន្មានផងលោក ត្រាំ បានបកទៅជានិយាយវិញថាវានៅអាចប្រព្រឹត្តទៅឡើងវិញ ហើយចាប់តាំងពីពេលនោះមក កិច្ចចរចានានាត្រូវបានធ្វើឡើង ដើម្បីស្រោចស្រង់គម្រោងជំនួបកំពូលនេះ ខណៈនាសប្តាហ៍នេះ លោក គីម យ៉ុងចុល (Kim Yong Chol) ដែលជាដៃស្តាំរបស់លោក គីម ជុងអ៊ុន ជួបពិភាក្សារយៈពេល០២ថ្ងៃ ជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក មៃស៍ ប៉ុមប៉េអូ នៅញូយ៉ក មុនបន្តដំណើរមកកាន់រដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីជួបជាមួយលោក ត្រាំ៕