(ម៉ូស្គូ)៖ កងនាវាមុជទឹករុស្ស៊ី ត្រូវបានដាក់ពង្រាយជាអចិន្រ្តៃយ៍ នៅក្រោមផ្ទាំងទឹកកក នៃសមុទ្រអាក់ទិក។ នេះបើតាមលោក នីកូឡាយ យែមែណូវ (Nikolay Yermenov) មេបញ្ជាការនៃកងអង្គភាពជើងទឹកភាគខាងជើង របស់ប្រទេសរុស្ស៊ី ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី០១ ខែមិថុនា ឆ្នាំ២០១៨។
លោក Yermenov បាននិយាយថា «កងនាវាមុជទឹករបស់យើង ត្រូវបានដាក់ពង្រាយជាអចិន្រ្តៃយ៍ នៅក្រោមផ្ទាំងទឹកកកនៃសមុទ្រអាក់ទិច ហើយសម្រាប់ហេតុផលជាក់ស្តែងនានា យើងនឹងមិនផ្តល់ការបកស្រាយលម្អិតផ្សេងទៀត ជុំវិញបញ្ហានេះឡើយ ប៉ុន្តែខ្ញុំអាចនិយាយបានថា វាបានប្រព្រឹត្តទៅជាទៀងទាត់»។
ជាចុងក្រោយ លោក Yermenov បានបញ្ជាក់ថា ប្រតិបត្តិការរបស់កងកម្លាំងអង្គភាពភាគខាងជើង នៅតាមតំបន់ទឹកកកនេះ គឺមានតម្លាភាពមួយរយភាគរយ ហើយស្របទៅតាមបទបញ្ញតិផ្សេងៗ នៃច្បាប់សមុទ្រអន្តរជាតិ និងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ៕