(ហ្សាការតា)៖ ភ្នំភ្លើងសកម្មជាងគេនៅឥណ្ឌូណេស៊ី ម៉ឺរ៉ាពី (Merapi) លើកោះជ្វា នាថ្ងៃសុក្រនេះ បានជះកម្អែរផេះឡើងលើផ្ទៃអាកាកម្ពស់ ០៦គីឡូម៉ែត្រ ហើយសារព្រមានកម្រិតខ្ពស់ ក៏ត្រូវបានដាក់ចេញភ្លាមៗសម្រាប់រាល់យន្តហោះដឹកអ្នកដំណើរនានាផងដែរ។ នេះបើតាមការដកស្រង់ការ ផ្សាយពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០១ ខែមិថុនា ឆ្នាំ២០១៨។
អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី លោក ស៊ូតូផូ នូក្រូហូ (Purwo Nugroho) បានឲ្យដឹងថា ភ្នំភ្លើង Merapi ដែលស្ថិតនៅចំព្រំដែននៃខេត្ត យ៉ូកយ៉ាការតា (Yogyakarta) និងខេត្តជ្វាភាគកណ្តាលបានផ្ទុះកាលពីវេលាម៉ោង ០៨៖២០នាទីព្រឹក (ម៉ោងក្នុងតំបន់) ហើយបានជះកម្អែលផេះកម្ពស់រាប់គីឡូម៉ែត្រនេះ ទៅភាគខាងលិចមាត់ភ្នំភ្លើង។
ជាមួយគ្នានេះ អាជ្ញាធរឥណ្ឌូណេស៊ី បានចេញសារព្រមានកម្រិតពណ៌ក្រហម (ខ្ពស់បំផុត) ដើម្បីជូនដំណឹងដល់យន្តហោះដឹកអ្នកដំណើរនានា កុំឲ្យហោះឆ្លងកាត់តំបន់ភ្នំភ្លើងនេះ។ កាលពីថ្ងៃទី២៤ ខែឧសភាកន្លងទៅ ភ្នំភ្លើង Merapi បានផ្ទុះជះកម្អែរផេះឡើងលើផ្ទៃអាកាសកម្ពស់ ០៦គីឡូម៉ែត្រ ដូចគ្នាផងដែរ ដោយកាលនោះវាថែមទាំងបានបញ្ចេញឧស្ម័នពុលដូចជា H2S និង CO2 ទៀតផង។
គួរជម្រាបថា ភ្នំភ្លើង Merapi ដែលស្ថិតក្នុងចំណោមភ្នំភ្លើងសកម្មទាំង ១២៩ របស់ឥណ្ឌូណេស៊ី តែងតែបានផ្ទុះជាញឹកញយចាប់តាំងពីឆ្នាំ១៩៤៨ មក ខណៈកាលពីខែវិច្ឆិកា ឆ្នាំ១៩៩៤ វាបានផ្តាច់ជីវិតមនុស្ស ២៧នាក់ ហើយហេតុការណ៍ផ្ទុះដ៏កក្រើកមួយទៀតរបស់វា ក៏ធ្លាប់បានកើតមានឡើងផងដែរ កាលពីឆ្នាំ២០០៦៕