(សេអ៊ូល)៖ កូរ៉េខាងជើងនាថ្ងៃសុក្រនេះបានស្នើទៅកាន់កូរ៉េខាងត្បូង ឲ្យមានការបើកព្រឹត្តិការណ៍រួមមួយ ដើម្បីអបអរដល់កិច្ចប្រជុំកំពូលអន្តរកូរ៉េដំបូងបំផុត ដែលបានធ្វើឡើងកាលពីជិតពីរទសវត្សរ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០១ ខែមិថុនា ឆ្នាំ២០១៨។
សំណើខាងលើត្រូវបានធ្វើឡើង នាឱកាសកិច្ចជួបពិភាក្សាកម្រិតខ្ពស់ រវាងមន្រ្តីរដ្ឋាភិបាលកូរ៉េខាងជើង និងកូរ៉េខាងត្បូង នៅឯភូមិព្រំដែន Panmunjom ដើម្បីជជែកពីទំនាក់ទំនង ក៏ដូចជាកិច្ចការអន្តរកូរ៉េ។ កិច្ចសន្ទនាជាន់ខ្ពស់នេះ បានប្រព្រឹត្តទៅបន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបើកកិច្ចពិភាក្សាជាលើកទីពីរដោយស្ងាត់ៗ កាលពីថ្ងៃទី២៦ ខែមុន នៅភូមិ Panmunjom។
គួរជម្រាបថា កិច្ចប្រជុំកំពូលអន្តរកូរ៉េដំបូងបំផុត ត្រូវបានប្រារព្ធឡើងកាលពីខែមិថុនា ឆ្នាំ២០០០ នៅឯរដ្ឋធានីព្យុងយ៉ាង។ នៅក្រោយជំនួបនេះ សេចក្តីប្រកាសរួម «១៥ មិថុនា» ត្រូវបានធ្វើឡើងដោយអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក គីម ដេជុង និងអតីតមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ីល ដែលជាឪពុករបស់លោក គីម ជុងអ៊ុន៕