(អង់ការ៉ា)៖ ជនសង្ស័យជាបណ្តាញក្រុមភេរវករ ISIS យ៉ាងតិចចំនួន ៣៦នាក់ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសតួកគី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០១ ខែមិថុនា ឆ្នាំ២០១៨។
ជនសង្ស័យចំនួន ២០នាក់ ក្នុងនោះរួមមានជនជាតិតួកគី អ៊ីរ៉ាក់ ស៊ីរី ត្រូវបានចាប់ខ្លួនក្នុងអំឡុងប្រតិបត្តិការបង្ក្រាបមួយ ដែលត្រូវបានធ្វើឡើងដោយក្រុមរដ្ឋអាជ្ញាតំបន់ សាការយ៉ា (Sakarya) ភាគពាយ័ព្យប្រទេសតួកគី។ ការអនុវត្តន៍ប្រតិបត្តិការនេះ ត្រូវបានប្រព្រឹត្តទៅដោយកងកម្លាំងប្រឆាំងភេវកម្ម មន្រ្តីស៊ើបការណ៍សម្ងាត់ និងកងកម្លាំងពិសេស នៅតាមខេត្តចំនួន ១១។ ជនសង្ស័យទាំងនេះ ត្រូវបានចោទប្រកាន់ពីបទជាសមាជិក ISIS និងពីបទធ្វើការកេណ្ឌសមាជិក ព្រមទាំងផ្តល់ហិរញ្ញវត្ថុឲ្យក្រុម ISIS។
ជាមួយគ្នានេះជនសង្ស័យ ១៦នាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួននៅក្នុងសង្កាត់ អេទីមែសគុត (Etimesgut) នៃរដ្ឋធានីអង់ការ៉ាតែម្តង ដោយសារពួកគេទាំងនោះ ត្រូវបានចោទប្រកាន់ថា បានជួយក្រុម ISIS តាមរយៈផ្តល់ការអប់រំក្រៅសាលារៀន ដោយខុសច្បាប់ដល់កុមារ។
គួរជម្រាបថា បើតាមការប្រកាសរបស់ក្រសួងការបរទេសតួកគីកាលពីខែមុន ប្រទេសតួកគី បាននិងកំពុងចល័តរាល់កម្លាំងគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ក្នុងការប្រយុទ្ធប្រឆាំងនឹក្រុមភេរវករ ISIS ហើយនឹងបន្តពង្រឹងកិច្ចប្រឹងប្រែងរបស់ខ្លួនឲ្យកាន់តែខ្លាំងក្លាថែមទៀត ក្រោមការសហការជាមួយបណ្តាប្រទេសឯទៀតៗ៕