(ប៉េកាំង)៖ ខណៈដែលចិនកំពុងផ្តោតការយកចិត្តទុកដាក់ ជាខ្លាំងលើវិស័យអវកាស រួមមានទាំងគម្រោងពោរពេញដោយមហិច្ឆតា គឺការសាងសង់ស្ថានីយអវកាសថ្មីមួយនោះ អ្នកវិភាគមួយចំនួនបានមើលឃើញចំពោះទង្វើនេះថា គឺជាការប្រណាំងប្រជែងផ្នែកអវកាសរវាងមហាយក្សនៅអាស៊ីមួយនេះ ជាមួយនិងសហរដ្ឋអាមេរិក ដែលមានន័យថា គឺជាមហាអំណាចអវកាសធំៗទាំងពីរលើលោក សម្រាប់ថ្ងៃអនាគត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Business Insider នៅព្រឹកថ្ងៃសុក្រ ទី០១ ខែមិថុនា ឆ្នាំ២០១៨។
ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ (UN) លោក Shi Zhongjun នាពេលថ្មីៗ បានអញ្ជើញពិភពលោកទាំងមូល ឲ្យចូលរួមចំណែកនៅក្នុងស្ថានីយអវកាសថ្មីនេះ ដោយលោកបានលើកឡើងថា ស្ថានីយអវកាសចិន CSS មិនត្រឹមជាកម្មសិទ្ធិនៃចិនប៉ុណ្ណោះទេ តែក៏ជារបស់ពិភពលោកផងដែរ ហើយប្រទេសទាំងអស់ ដោយមិនគិតពីទំហំ និងកម្រិតនៃការអភិវឌ្ឍរបស់ពួកគេឡើយ គឺអាចចូលរួមក្នុងកិច្ចសហប្រតិបត្តិការ នៃវិស័យអវកាសនេះបានដោយស្មើភាពគ្នា។ ស្ថានីយ CSS ត្រូវគេរំពឹងថា នឹងអាចធ្វើប្រតិបត្តិការពេញលេញតែម្តងនៅឆ្នាំ២០២២ ប៉ុន្តែចាប់ផ្តើមទ្រង់ទ្រាយធំ គឺនៅឆ្នាំ២០២០ ខាងមុខនេះហើយ។
គួរជម្រាបថា សហរដ្ឋអាមេរិកបានដាក់បំរាមមិនឲ្យទីភ្នាក់ងារអវកាសចិន ប្រើប្រាស់ស្ថានីយអវកាសអន្តរជាតិ (ISS) ឬក៏ចែករំលែកបច្ចេកវិទ្យាណាមួយ ដោយសារតែក្តីកង្វល់ផ្នែកសន្តិសុខ។ យ៉ាងណាមិញ ISS អាចនឹងបញ្ឈប់ប្រតិបត្តិការក្នុងពេលប៉ុន្មានឆ្នាំខាងមុខ ពីព្រោះថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រដ្ឋបាលរបស់លោក កំពុងពិចារណាកាត់ផ្តាច់ការជាប់ពាក់ព័ន្ធរបស់អាមេរិក នៅក្នុងស្ថានីយអវកាសនេះ នៅឆ្នាំ២០២៥ ដែលវាលឿនជាងការគម្រោងទុកដល់ទៅ ០៣ឆ្នាំ។ គម្រោងកែប្រែនេះ គឺជាផ្នែកមួយនៃផែនការទ្រង់ទ្រាយធំរបស់លោក ត្រាំ ក្នុងការប្រគល់ប្រតិបត្តិការផ្នែកអវកាសទៅឲ្យក្រុមហ៊ុនឯកជន ជាអ្នកទទួលខុសត្រូវវិញ។
មកទល់ពេលនេះ ទីភ្នាក់អវកាស NASA បានចំណាយថវិកាប្រហែល ១០០ពាន់លានដុល្លារ ដើម្បីបន្តប្រតិបត្តិការរបស់ស្ថានីយអវកាស ISS ដែលដើរតួដូចជាមន្ទីរពិសោធន៍អវកាសមួយ សម្រាប់ក្រុមអវកាសយានិក និងអ្នកវិទ្យាសាស្រ្ត។ NASA បានបង្ហូរលុយពី ០៣ ទៅ ០៤ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗទៅលើ ISS ប៉ុន្តែមូលនិធិទាំងនេះ ប្រហែលជានឹងត្រូវអស់ជាងការរំពឹងទុក។
ទន្ទឹមនឹងនេះ បណ្តាដៃគូជាច្រើនដែលនៅពីក្រោយស្ថានីយ ISS កំពុងត្រូវគេអូសទាញឲ្យបោះទុនវិនិយោគ ទៅលើស្ថានីយអវកាសថ្មីរបស់ចិនរួចស្រេចទៅហើយ ហើយអ្នកខ្លះទៀតក៏មានគម្រោង បង្កើតស្ថានីយអវកាសដោយខ្លួនឯងថែមទៀតផង។ សម្រាប់ស្ថានីយអវកាសអឺរ៉ុប ESA វិញ ក៏បានព្រមព្រៀងលើភាពជាដៃគូមួយ ដែលនឹងអនុញ្ញាតឲ្យអវកាសយានិកអឺរ៉ុប ប្រើប្រាស់ស្ថានីយ CSS រហូតដល់ឆ្នាំ២០២៩ ផងដែរ។
ចិនសង្ឃឹមថា ស្ថានីយអវកាសនាពេលអនាគតរបស់ខ្លួន នឹងអាចដំណើរការបានប្រហែលមួយទសវត្សរ៍ និងអាចទទួលឲ្យអវកាសយានិកច្រើនបំផុត ០៦នាក់ស្នាក់នៅ សម្រាប់រយៈពេល ១៨០ថ្ងៃបាន ដើម្បីធ្វើការសិក្សាស្រាវជ្រាវនានា។ ផ្នែកនានារបស់ស្ថានីយអវកាសនេះ គឺត្រូវបានសាងសង់ឡើងរួចរាល់ហើយ រួមមានទាំងបន្ទប់ស្នូល មានឈ្មោះថា Tianhe-1 ឬ ឋានសួគ៌លោកី ដែលត្រូវគេរំពឹងថា នឹងបញ្ជូនទៅកាន់ទីអវកាសនៅឆ្នាំ២០២០ ខណៈផ្នែកផ្សេងៗទៀតត្រូវគេរំពឹងថា នឹងរួមផ្សំគ្នាបង្កើតចេញជា CSS ដោយពេញលេញនៅឆ្នាំ២០២២។
ក្រៅពីនេះ ចិនក៏កំពុងគ្រោងបញ្ជូនយានស្រាវជ្រាវមួយ ទៅសិក្សានៅចំហៀងម្ខាងទៀតរបស់ព្រះច័ន្ទ ដែលគេហៅថា Dark Side of the Moon ផងដែរ។ លើសពីនេះទៀត ចិនក៏កំពុងអភិវឌ្ឍន៍មូលដ្ឋានសិប្បនិម្មិតមួយ ដែលធ្វើត្រាប់តាមលក្ខណៈបរិយាកាសរបស់ភពអង្គារ (Mars) នៅវាលខ្សាច់តំបន់ទីបេផងដែរ ដើម្បីបង្វឹកអវកាសយានិករបស់ខ្លួន សម្រាប់បេសកកម្ម Mars នាពេលអនាគត។ ចិន មានបំណងនឹងបញ្ជូនយានអវកាសមួយទៅកាន់ Mars នៅឆ្នាំ២០២០៕