(សេអ៊ូល)៖ មន្ត្រីកំពូលៗ​នៃ​ប្រទេសកូរ៉េខាងត្បូង និងប្រទេស​កូរ៉េខាងជើង បានជួប​ជុំគ្នា​ជាថ្មីទៀត​​ហើយ នៅឯភូមិ​ផាន់ម៉ុនចុម (Panmunjom) ទឹកដី​ព្រំដែន​ខាង​​កូរ៉េខាងត្បូង នៅវេលា​ម៉ោង ១០៖០០នាទីព្រឹក​​ថ្ងៃសុក្រនេះ ដោយផ្តោត​​សំខាន់លើវិស័យសំខាន់ៗ​មួយចំនួន ជាពិសេស​ការអនុវត្តន៍នូវកិច្ច​ព្រមព្រៀងរួម ដែលបាន​សម្រេចនាពេល​កន្លងមក។ នេះបើ​តាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​​ព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃសុក្រ ទី០១ ខែមិថុនា ឆ្នាំ២០១៨។

កិច្ចពិភាក្សាកម្រិត​ខ្ពស់ជាថ្មីនេះ កំពុងប្រព្រឹត្តទៅ​ដោយមានការចូលរួម​ពីរដ្ឋមន្ត្រី​ក្រសួង​បង្រួបបង្រួមជាតិ​របស់កូរ៉េខាងត្បូង លោក ចូ ម្យុងក្យុន (Cho Myoung-gyon) ជាមួយ​នឹងសមាជិក​អមចំនួន ០៥រូប ខណៈកូរ៉េខាងជើង​វិញ​ត្រូវបានដឹកនាំ​ដោយ លោក រី សុនក្វុន (Ri Son Gwon) ប្រធាន​គណៈកម្មាធិការ​សម្រាប់ការរួបរួម​ដោយសន្តិភាព នៃដែនដី​កូរ៉េខាងជើង។

ព័ត៌មានបាន​បន្តថា មន្ត្រីកំពូលៗ​នៃប្រទេសទាំង​ពីរ ជួបគ្នាពេលនេះ​​ដើម្បីពិភាក្សា​អំពី​បញ្ហាទំនាក់ទំនង​រួមដូចជា គំរោងផ្លូវដែក, កីឡា និងកិច្ច​សហប្រតិបត្តិការ​អន្តរកូរ៉េ។ បន្ថែមពីនេះ មន្ត្រីតំណាង​ប្រទេសទាំងពីរ​ក៏បានបញ្ជាក់នៅ​ខាងដើមកិច្ច​ប្រជុំផងដែរថា ប្រទេស​ទាំងពីរ នឹងពិភាក្សាអំពី​ការអនុវត្តន៍តាមឲ្យបាននូវ​កិច្ចព្រមព្រៀង ដែល​មេដឹកនាំកំពូលគឺលោក គីម ជុងអ៊ុន និងលោក មូន ជែអ៊ីន បានសម្រេច​កាលពីមុន ដើម្បីធ្វើឲ្យ​ទំនាក់ទំនង​​រវាង​ប្រទេសទាំងពីរ​មានស្ថានភាព​កាន់តែប្រសើរ​ឡើង៕