(ព្យុងយ៉ាង)៖ លោក គីម ជុងអ៊ុន បានបញ្ជាក់ដោយផ្ទាល់មាត់ថា ឆន្ទៈរបស់កូរ៉េខាងជើង ក្នុងការរំសាយអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េគឺពុំមានការប្រែប្រួលឡើយ។ នេះបើតាមសេចក្តីរាយការណ៍របស់ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០១ ខែមិថុនា ឆ្នាំ២០១៨។
ការបញ្ជាក់អះអាងរបស់ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង ត្រូវបានធ្វើឡើងក្នុងឱកាសទទួលជួបរវាងលោក ជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov ដែលបានមកបំពេញទស្សនកិច្ចរយៈពេល ០១ថ្ងៃគត់នៅរដ្ឋធានីព្យុងយ៉ាង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ លោក គីម ក៏បានបង្ហាញក្តីសង្ឃឹមផងដែរថា ទំនាក់ទំនងកូរ៉េខាងជើង-អាមេរិក និងបញ្ហានៃលុបបំបាត់អាវុធនុយក្លេអ៊ែរពីឧបទ្វីបកូរ៉េ នឹងត្រូវដោះស្រាយបានតាមដំណាក់កាល តាមរយៈការស្វែងរកដំណោះស្រាយ ដើម្បីបំពេញផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក តាមវិធីសាស្រ្តថ្មីនៅក្នុងសម័យកាលថ្មី និងនៅក្រោមស្ថានការណ៍ថ្មី។
ក្នុងជំនួបខាងលើ លោក ស៊ឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) ក៏បានជូនលិខិតផ្ទាល់ខ្លួនរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ទៅកាន់លោក គីម ផងដែរ។ ក្រៅពីនេះលោក Lavrov និងលោក គីម ក៏បានពិភាក្សាអំពីការបន្តអភិវឌ្ឍន៍ នៃទំនាក់ទំនងទ្វេភាគី ព្រមទាំងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសេដ្ឋកិច្ចឲ្យកាន់តែជិតស្និទ្ធថែមទៀត៕