(វ៉ាស៊ីនតោន)៖ គំរោងតម្លើងពន្ធរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានផ្អាកមួយរយៈមកនេះ នឹងត្រូវចូលជាធរមាននៅថ្ងៃសុក្រនេះ (ម៉ោងនៅអាមេរិក) ខណៈសម្ព័ន្ធមិត្តអាមេរិករងផលប៉ះពាល់ បានចាត់ទុកគំរោងនេះថា ជាទង្វើខុសច្បាប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅសុក្រថ្ងៃសុក្រ ទី០១ ខែមិថុនា ឆ្នាំ២០១៨។
កាលពីខែមីនាកន្លងទៅ លោក ដូណាល់ ត្រាំ បានសម្រេចបង្កើនពន្ធ ២៥ភាគរយ ទៅលើដែកដែលនាំចូល និង ១០ភាគរយ ទៅលើអាលុយមីញ៉ូមដែលនាំចូល។ ប៉ុន្តែដើម្បីស្វែងរកកិច្ចព្រមព្រៀង លើការចរចាផ្នែកពាណិជ្ជកម្ម សេតវិមានបានប្រកាសកាលពីចុងខែមេសាពីការលើកលែង ចំពោះការដំឡើងពន្ធលើដែក និងអាលុយមីញ៉ូម សម្រាប់ប្រទេសជាសមាជិក នៃសហភាពអឺរ៉ុបដោយត្រូវពន្យារ រហូតដល់ថ្ងៃទី០១ ខែមិថុនា ដើម្បីទុកពេល ៣០ថ្ងៃ ចុងក្រោយសម្រាប់ឲ្យប្រទេសទាំងនោះ។
យ៉ាងណាក៏ដោយ ប្រទេសកាណាដា មិចស៊ីកូ ជាពិសេសគឺបារាំងបានថ្កោលទោសយ៉ាងខ្លាំងលើគំរោងដំឡើងពន្ធនេះ។ ជាក់ស្ដែងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ លោក ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីបារាំងលោក ម៉ាក្រុង បានហៅគំរោងតម្លើងពន្ធ របស់សហរដ្ឋអាមេរិកថា ជាទង្វើខុសច្បាប់ ហើយថាសហភាពអឺរ៉ុបនឹងចាត់វិធានការឆ្លើយយ៉ាងម៉ឺងម៉ាត់ និងសមស្រប បើទោះជាទីក្រុងប៉ារីសកំពុងរីករាយនឹងទំនាក់ទំនងល្អ ជាមួយសហរដ្ឋអាមេរិកក៏ដោយ។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ធ្លាប់បានចេញមុខការពារគំរោងតម្លើងពន្ធរបស់លោកជាច្រើនដង តាមរយៈការអះអាងថា ការសម្រេចចិត្តរបស់លោកធ្វើឡើង ដើម្បីការពារអ្នកផលិតដែកថែប និងអាលុយអាមីញ៉ូមអាមេរិក និងដោយសារតែការគំរាមកំហែង ពីការផ្គត់ផ្គង់លើសតម្រូវការទីផ្សារសកល៕