(ញូយ៉ក)៖ មន្ត្រីកំពូលអាមេរិក និងកូរ៉េខាងជើង បានជួបប្រជុំគ្នានៅក្នុងទីក្រុងញូយ៉ក នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងអាមេរិក) សម្រាប់ជំនួបរយៈពេលពីរថ្ងៃ ដើម្បីជជែកគ្នាពីអនាគតអាវុធនុយក្លេអ៊ែរ របស់ទីក្រុងព្យុងយ៉ាង និងការរៀបចំជំនួបរវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៣១ ខែឧសភា ឆ្នាំ២០១៨។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo និងលោក Kim Yong Chol ជាដៃស្ដាំរបស់លោក គីម ជុងអ៊ុន បានជួបពិភាក្សាគ្នារយៈពេល ៩០នាទី នៅអំឡុងអាហារពេលល្ងាច ហើយបានចាកចេញដោយមិនបានផ្ដល់ព័ត៌មានអ្វី ទៅកាន់អ្នកសារព័ត៌មានដែល រង់ចាំនៅខាងក្រៅឡើយ។ ចំណែកឯ លោក Pompeo គ្រាន់តែនិយាយថា អាហារពេលល្ងាចអស្ចារ្យណាស់ ហើយថាអ្នកទាំងពីរ បានទទួលអាហារបែបអាមេរិកកាំងតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា មកពេលនេះគេមិនទាន់ដឹងនៅឡើយទេថា តើមន្ត្រីកំពូលទាំងពីររូប បានបង្កើតបរិយាកាសអំណោយផល ឬក៏រីកចំរើនដល់ទំនាក់ទំនងជាសត្រូវអស់រយៈ ពេលរាប់ទសវត្សរ៍មកនេះ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង ឬយ៉ាងណានោះទេ ខណៈសេតវិមានបង្ហាញពីក្ដីសង្ឃឹមថា ជំនួបត្រាំ-គីម អាចនឹងត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា ខាងមុខនេះក្នុងប្រទេសសិង្ហបុរី៕