(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានជួបជាមួយតារាសិល្បៈនាង Kim Kardashian នៅឯសេតវិមាន ដើម្បីពិភាក្សាអំពីការធ្វើកំណែទម្រង់ប្រព័ន្ធពន្ធនាគារនៅសហរដ្ឋអាមេរិក ហើយវាបានទាក់ទាញភាពចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសនេះផ្ទាល់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃ៣១ ខែឧសភា ឆ្នាំ២០១៨។
អ្នកនាង Kim Kardashian បានបង្ហោះសារលើបណ្តាញសង្គម Twitter ថា ជំនួបខាងលើគឺធ្វើឡើងសម្រាប់លោកស្រី Alice Johnson ជាស្រ្តីវ័យ៦៣ឆ្នាំ ដែលត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត កាលពីឆ្នាំ១៩៩៦ ពីបទមានកាន់កាប់សារធាតុញៀនកូកាអ៊ីន និងបទលាងលុយកខ្វក់។
ផ្ញើសារទៅកាន់អ្នកគាំទ្រប្រមាណ៦០លាននាក់របស់ខ្លួននៅលើបណ្តាញ Twitter តារាសម្តែងតាមកម្មវិធីទូរទស្សន៍និងជាតារាម៉ូដែលដែលមានរូបរាងគួរឲ្យជាទីទាក់ទាញរូបនេះ បានបង្ហាញក្តីថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ នឹងផ្តល់ការលើកលែងទោសឲ្យលោកស្រី Alice Marie Johnson ដែលកំពុងបន្តត្រូវជាប់ពន្ធនាគារអស់មួយជីវិត ដោយសារតែបទល្មើសពាក់ព័ន្ធគ្រឿង ដែលពុំមានបង្កហិង្សាអ្វីឡើយនិងជាលើកទីមួយថែមទៀត។ អ្នកនាង Kardashian បានបន្តថា នាងមានសុទិដ្ឋិនិយមខ្ពស់ចំពោះអនាគតរបស់លោកស្រី Johnson ហើយមានក្តីសង្ឃឹមថាលោកស្រី ព្រមទាំងមនុស្សជាច្រើនទៀតដូចរូបលោកស្រី នឹងអាចទទួលបានឱកាសជាលើកទីពីរ នៅក្នុងឆាកជីវិត។
គួរជម្រាបថា កាលពីដើមខែនេះ លោក ត្រាំ ក៏បានធ្វើការជំរុញជាខ្លាំង ចំពោះបញ្ហាកំណែទម្រង់ប្រព័ន្ធពន្ធនាគារ ក្នុងអំឡុងកិច្ចប្រជុំមួយនៅសេតវិមានផងដែរ និងបានស្នើយ៉ាងទទូចឲ្យសភាអាមេរិក ធ្វើយ៉ាងណាសម្រេចឲ្យបានសេចក្តីព្រាងច្បាប់មួយពាក់ព័ន្ធនឹងបញ្ហានេះដើម្បីយកមកឲ្យលោកចុះហត្ថលេខា៕