(ដាម៉ាស់)៖ ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់ អាសាដ បាននិយាយថា ទីក្រុងដាម៉ាស់នឹងបន្តពង្រឹងសមត្ថភាពប្រព័ន្ធការពារដែន អាកាសរបស់ខ្លួនឱ្យកាន់តែខ្លាំងក្លា ក្រោមការគាំទ្រពីរុស្ស៊ី ដើម្បីទប់ទល់ការគំរាមកំហែងពីអ៊ីស្រាអែល។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែឧសភា ឆ្នាំ២០១៨។
លោក អាសាដ ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Russian Today នៅថ្ងៃពុធសប្ដាហ៍នេះ និងនៅក្នុងបរិបទដែលអ៊ីស្រាអែល បើកការវាយប្រហារតាមផ្លូវអាកាសនៅស៊ីរី កាន់តែច្រើនឡើងនាពេលប៉ុន្មានខែចុងក្រោយនេះ។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីស៊ីរីរូបនេះបានគូសយ៉ាងបញ្ជាក់ដូច្នេះថា «ប្រព័ន្ធការពារដែនអាកាសរបស់យើង កំពុងមានភាពរឹងមាំលើសពេលណាៗទាំងអស់ ហើយនេះគឺជាគុណសម្បត្តិរបស់រុស្ស៊ី»។
ប្រធានាធិបតីរូបនេះបានសង្កត់ធ្ងន់ទៀតថា «មិនតែប៉ុណ្ណោះ យើងក៏អរគុណដល់ការវាយប្រហារនាពេលថ្មីនេះ ពីសំណាក់អ៊ីស្រាអែល សហរដ្ឋអាមេរិក អង់គ្លេស និងបារាំងផងដែរ ដ្បិតវាធ្វើឱ្យយើងប្រាកដនៅក្នុងចិត្តថា ត្រូវតែពង្រឹងសមត្ថភាពប្រព័ន្ធការពារដែនអាកាស ហើយវាគឺជារឿងតែមួយគត់ ដែលយើងអាចធ្វើបាននិងកំពុងធ្វើ»។
គួរជម្រាបថា បើតាមលោក បាស្សា អាល់ អាសាដ អ៊ីស្រាអែល បាននិងកំពុងចាប់ផ្ដើមទាក់ទងជាមួយក្រុមសកម្មប្រយុទ្ធនៅស៊ីរី ដែលធ្វើសកម្មភាពបម្រើផលប្រយោជន៍អ៊ីស្រាអែល៕