(អាមេរិក)៖ នាពេលឆាប់ៗខាងមុខ បេសសកម្មប្រកបដោយមហិច្ឆតាចំនួន ០២ នឹងនាំយើងទៅយ៉ាងកៀកជាមួយនឹងព្រះអាទិត្យ ជាងលើកណាៗទាំងអស់ ហើយពួកវានឹងផ្តល់ឲ្យអ្នកវិទ្យាសាស្រ្ត នូវព័ត៌មានដ៏មានតម្លៃទាក់ទិននឹងផ្កាយដែលផ្តល់ជីវិតដល់យើងគ្រប់គ្នា។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយ Space.com នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែឧសភា ឆ្នាំ២០១៨។
យាន Parker Solar Probe របស់ទីភ្នាក់ងារអវកាស NASA ដែលត្រូវបាញ់បង្ហោះនៅប៉ុន្មានខែខាងមុខនាឆ្នាំនេះ និងយាន Solar Orbiter នៃទីភ្នាក់ងារអវកាសអឺរ៉ុប ESA ដែលត្រូវបាញ់បង្ហោះនៅឆ្នាំ២០២០ នឹងបំពេញបេសកកម្មរបស់ពួកវា ក្នុងការប្រមែប្រមូលទិន្នន័យនៅក្បែរនឹងព្រះអាទិត្យ ហើយខណៈដែលយានទាំងពីរនេះ នឹងប្រើប្រាស់បច្ចេកវិទ្យាខុសគ្នា ក្នុងន័យបេសកកម្ម ពួកវានឹងគួបផ្សំគ្នាទៅវិញទៅមក។
ព្រះអាទិត្យគឺជាប្រភពទ្រទ្រង់ជីវិតមួយ សម្រាប់ជីវិតនៅលើផែនដី។ យ៉ាងណាមិញ ព្យុះព្រះអាទិត្យ ឬ Solar Wind ដែលបាញ់ចេញពីផ្ទៃរបស់វា អាចជះការគំរាមកំហែងដល់បច្ចេកវិទ្យាផ្សេងៗ ដែលផ្គត់ផ្គង់ដល់ប្រព័ន្ធវិទ្យុទាក់ទង, ផ្កាយរណប, និងបណ្តាញអគ្គិសនីបាន។
ដោយសារតែព្រះអាទិត្យ និងព្យុះរបស់វា មានផលប៉ះពាល់ដោយផ្ទាល់ជាខ្លាំងមកលើយើង ដូច្នេះហើយវាគឺជារឿងចាំបាច់បំផុតមួយ ដែលពួកយើងត្រូវធ្វើការស្វែងយល់វាឲ្យកាន់តែច្បាស់ ដើម្បីការពារខ្លួនយើងពីព្រឹត្តិការណ៍អាក្រក់ៗនានា ដែលអាចកើតមានជាយថាហេតុ។
គួរជម្រាបថា យាន Solar Orbiter នឹងធ្វើគោចរជុំវិញព្រះអាទិត្យនៅចម្ងាយ ៤១លានគីឡូម៉ែត្រ ខណៈយាន Parker នឹងទៅកៀកនឹងដុំបាល់ភ្លើងជាងនេះទៅទៀត គឺនៅចម្ងាយត្រឹម ០៦លានគីឡូម៉ែត្រ ពីផ្ទៃរបស់វា៕