(ព្យុងយ៉ាង)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក ស៊ីហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បានធ្វើដំណើរមកដល់រដ្ឋធានីព្យុងយ៉ាងហើយ នាថ្ងៃព្រហស្បតិ៍នេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេលត្រឹម ០១ថ្ងៃប៉ុណ្ណោះ នៅប្រទេសកូរ៉េខាងជើង ក្រោមការអញ្ជើញពីសំណាក់សមភាគីលោក រី យ៉ុងហូ (Ri Yong Ho)។ នេះបើតាមសេចក្តីរាយការណ៍របស់ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែឧសភា ឆ្នាំ២០១៨។
សម្រាប់កាលវិភាគសម្រាប់ដំណើរបំពេញទស្សនកិច្ចខាងលើនេះ ពុំត្រូវបានបញ្ជាក់ឲ្យដឹងដោយភាគីកូរ៉េខាងជើងឡើយ ប៉ុន្តែប្រមុខដឹកនាំកំពូលកូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន ត្រូវគេរំពឹងថា នឹងទទួលជួបពិភាក្សាជាមួយលោក Lavrov។ បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសរុស្ស៊ីវិញ លោក Sergei Lavrov និងលោក Ri Yong Ho នឹងជជែកគ្នាអំពីចំណងទាក់ទងទ្វេភាគី រួមទាំងស្ថានការណ៍នៅតំបន់ឧបទ្វីបកូរ៉េ និងបញ្ហាក្នុងតំបន់ព្រមទាំងអន្តរជាតិដទៃៗទៀត។
គួរជម្រាបថា ឆ្នាំ២០១៨នេះ គឺជាគម្រប់ខួប ៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយវាក៏ជាការរំលឹកដល់ការបង្កើតប្រទេសកូរ៉េខាងជើងដំបូងៗ ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីអតីតសហភាពសូវៀតផងដែរ៕