(ប៉ារីស)៖ ប្រធានាធិបតី​បារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បាន​និយាយថា សង្រ្គាម​ពាណិជ្ជកម្ម គឺជាសង្រ្គាម​ដែលធ្វើឱ្យ​គ្រប់គ្នាខាតបង់ ហើយលោក​បានអំពាវនាវ​ឱ្យមានការចូលរួម​គ្នាមួយ ដើម្បីដោះស្រាយ​បញ្ហាប្រឈម​ របស់ពិភពលោក​ក្នុងពេល​បច្ចុប្បន្ន។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារ​ព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែឧសភា ឆ្នាំ២០១៨។

លោក ម៉ាក្រុង ធ្វើការកត់​សម្គាល់បែបនេះ នៅអំឡុងបើក​សម័យប្រជុំថ្នាក់​រដ្ឋមន្ត្រីមក​ពី​សហដ្ឋអាមេរិក អង់គ្លេស ជប៉ុន និង​សហភាព អឺរ៉ុប នៃអង្គការ​សម្រាប់កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ (OECD) នៅថ្ងៃពុធ​សប្ដាហ៍នេះ។​ ថ្លែងនាឱកាស​នោះដែរ ប្រធានាធិបតី​បារាំងរូបនេះ បានគូស​បញ្ជាក់​យ៉ាងដូច្នេះថា «​ការឆ្លើយតប​ឯកតោភាគី និងការគំរាម​ធ្វើសង្រ្គាម​ពាណិជ្ជកម្ម គឺមិន​អាចដោះ ស្រាយបញ្ហា​អ្វីបានឡើយ... ហើយអ្នកដែល​ដឹកនាំ​សង្រ្គាម​ពាណិជ្ជកម្ម​នាពេលថ្មីៗនេះ បានឃើញរួច​មកហើយថា ទំនិញ​ឡើងថ្លៃ​រីឯភាពអត់ការងារ​ធ្វើមានកើន​ឡើងខ្ពស់»

គួរបញ្ជាក់ថា បើទោះជាមិន​បញ្ជាក់ចំៗថាអ្នកដឹកនាំ​សង្រ្គាមពាណិជ្ជកម្ម​ជានរណា ប៉ុន្តែគេយល់ថា លោក ម៉ាក្រុង មានបំណងបន្ទោស​លើរដ្ឋាភិបាល​​លោក ដូណាល់ ត្រាំ ដែលទើប​ត្រូវ​គេរាយការណ៍​ថា កំពុងតែមាន​​គម្រោងដំឡើងពន្ធ​​ក្នុងកម្រិតធ្ងន់ ​​ទៅលើ​ការ​នាំ​ចូល​​​ដែក​ថែប ​​និង​អាលុយមីញ៉ូម​ពីសហភាពអឺរ៉ុប​ បន្ទាប់ពី​បាន​ពន្យារពេល​ពីរលើករួចមក។

កាលពីខែមីនា​​កន្លងទៅ លោក ដូណាល់ ត្រាំ បានសម្រេច​បង្កើន​​ពន្ធ​ ២៥ភាគរយ ទៅលើដែក​​ដែលនាំ​​ចូល និង ១០ភាគរយ ទៅលើ​​អាលុយមីញ៉ូម​​ដែល​នាំចូលសហរដ្ឋអាមេរិក ខណៈខ្លួនបានពន្យារ​ពេល​​នៃការអនុវត្តន៍​ ទៅលើបណ្តា​ដៃគូពាណិជ្ជកម្ម​​មួយ​ចំនួន​​របស់​អាមេរិក ដើម្បីទុក​ពេល​ឲ្យប្រទេស​​ទាំងនោះ ផ្តល់សម្បទាន​ឲ្យមក​ទីក្រុង​វ៉ាស៊ីនតោន ដើម្បីបញ្ចៀស​​ការដំឡើង​ពន្ធ៕