(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលលោក ដូណាល់ ត្រាំ ត្រូវគេរាយការណ៍ថា កំពុងតែមានគម្រោងដំឡើងពន្ធក្នុងកម្រិតធ្ងន់ទៅលើ ការនាំចូលដែកថែប និងអាលុយមីញ៉ូមពីសហភាពអឺរ៉ុប បន្ទាប់ពីបានពន្យារពេលពីរលើករួចមក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអាមេរិក Wall Street Journal នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែឧសភា ឆ្នាំ២០១៨។
បើតាមប្រភពព័ត៌មានខាងលើ ដែលបានដកស្រង់សម្តីពីមន្រ្តីរដ្ឋាភិបាលអាមេរិក ដែលដឹងលឺពីបញ្ហានេះ រដ្ឋបាលរបស់លោក ត្រាំ ត្រូវគេរំពឹងថា នឹងធ្វើការប្រកាសជាផ្លូវការនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក)។ ជុំវិញបញ្ហានេះ សេតវិមានធ្លាប់បានលើកឡើងកាលពីចុងខែមេសាថា ការលើកលែងចំពោះការដំឡើងពន្ធលើដែក និងអាលុយមីញ៉ូម សម្រាប់ប្រទេសជាសមាជិក នៃសហភាពអឺរ៉ុប នឹងត្រូវពន្យាររហូតដល់ថ្ងៃទី០១ ខែមិថុនា ដើម្បីទុកពេល ៣០ថ្ងៃ ចុងក្រោយសម្រាប់ឲ្យប្រទេសទាំងនោះ ឈានដល់កិច្ចព្រមព្រៀងលើការចរចាផ្នែកពាណិជ្ជកម្ម។
គួរជម្រាបថា កាលពីខែមីនាកន្លងទៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចបង្កើនពន្ធ ២៥ភាគរយ ទៅលើដែកដែលនាំចូល និង ១០ភាគរយ ទៅលើអាលុយមីញ៉ូមដែលនាំចូល ខណៈបានពន្យារពេលនៃការអនុវត្តន៍ទៅលើបណ្តាដៃគូពាណិជ្ជកម្មមួយចំនួនរបស់អាមេរិក ដើម្បីទុកពេលឲ្យប្រទេសទាំងនោះ ផ្តល់សម្បទានឲ្យមកទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ចៀសការដំឡើងពន្ធ៕